រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ធ្នូ តំណាងសង្គមស៊ីវិល អ្នករត់រ៉ឺម៉កម៉ូតូ និងប្រជាពលរដ្ឋប្រមាណ៣០០នាក់ រួមជាមួយព្រះសង្ឃ១៨អង្គបានប្រមូលផ្តុំគ្នា នៅមុខពន្ធនាគារព្រៃស (ម២) ដើម្បីតវ៉ាដោយសន្តិវិធីទាមទារឱ្យមានការដោះលែងជនជាប់ចោទចំនួន១៨នាក់ ដែលត្រូវឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំការជំនុំជម្រះក្តីតាមនីតិវិធីរបស់តុលាការ ដែលក្នុងនោះមានសកម្មជននយោបាយរបស់គណបបក្សប្រឆាំង និងអ្នកតវ៉ាដីធ្លី ។
ក្នុងការតវ៉ានេះ ព្រះសង្ឃ១៨អង្គបានសូត្រធម៌ គង់សមាធិ និងទេសនា ដោយមានអ្នកចូលរួមអង្គុយស្តាប់ មានកាន់រូបថតអ្នកជាប់ឃុំ និងមានផ្កាឈូកកាន់ និងរាយលើជើងរបស់ព្រះសង្ឃ ពេលនិមន្តចូលទៅកាន់របងលួសបន្លាដែលសន្តិសុខដាក់បិទផ្លូវមិនឱ្យ ចូលទៅជិតច្រកចូល «ម២» ជាទីដែលអ្នកទាំង១៨នាក់នោះកំពុងឃុំខ្លួន ។ ក្រុមអ្នកតវ៉ានិយាយថា «ដោះលែងសកម្មជនដីធ្លី បញ្ឈប់ការចាប់ខ្លួនសកម្មជនដីធ្លី»។ ព្រឹត្តិការណ៍នេះ គេសង្កេតឃើញមានតំណាងអង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ អង្គការអាដហុក និងអង្គការ សិទ្ធិមនុស្សជាច្រើនចូលរួមក្នុងការតវ៉ានេះ ។ អ្នករត់រ៉ឺម៉កម៉ូតូដែលបានចូលរួមតវ៉ា បានយករ៉ឺម៉កម៉ូតូប្រមាណ៥០គ្រឿងចូលទៅចតនៅចម្ងាយប្រមាណ១០០ ម៉ែត្រពីខ្លោងទ្វារនៃពន្ធនាគារ កន្លែងដែលស្ត្រីអ្នកភូមិបឹងកក់កំពុងជាប់ឃុំ ។
អ្នកតវ៉ាបានឈរជា២ជួរអមសងខាងផ្លូវដោយនៅដៃ កាន់ផ្កាឈូកម្នាក់មួយទង និងបាចលម្អងផ្កាទៅលើជើងព្រះសង្ឃទាំង១៨អង្គដែលនិមន្តកាន់បាត្រ គ្រប់អង្គ និងអង្គុយសមាធិទាំងអស់គ្នារយៈពេល៥នាទីចូលរួមស្តាប់ធម្មទេសនា ។ ការតវ៉ាពេលនេះមានលក្ខណៈស្ងប់ស្ងាត់ជាងពេលមុន ហើយមុនពេលសមាធិ តំណាងព្រះសង្ឃមួយអង្គបានថ្លែងសារមួយទៅកាន់អ្នកជាប់ឃុំ និងសមត្ថកិច្ចថា «សូមបងប្អូនអ្នកកំពុងជាប់ឃុំ ឈប់បង្អត់អាហារទៅ ។ តុលាការត្រូវដោះលែងអ្នកទាំង១៨នាក់ ពួកគាត់គ្មានកំហុសទេ ។ តុលាការកុំធ្វើតាមបញ្ជារបស់អ្នកនយោបាយ»។ រូបថតអ្នកជាប់ឃុំទាំង១៨នាក់ ត្រូវបានអ្នកចូលរួមកាន់ម្នាក់មួយៗនៅខាងមុខជាប់នឹងរបងលួសបន្លា ដែលសន្តិសុខបានដាក់បិទផ្លូវរារាំងមិនឱ្យអ្នកតវ៉ាចូលទៅជិត ច្រកចូលពន្ធនាគារ ។
ភិក្ខុសង្ឃមួយអង្គដែលបាននិមន្តចូលរួមមានដីកា ថា ការតវ៉ានេះមានគោលបំណងឱ្យតុលាការដោះលែងសកម្មជនដីធ្លី ដោះលែងសកម្មជនសិទ្ធិមនុស្សដែលសមត្ថកិច្ចចាប់ខ្លួនអ្នកទាំងនោះដោយ រំលោភបំពានលើសិទ្ធិសេរីភាពរបស់ពួកគាត់ ភិក្ខុសង្ឃអង្គនេះបានចោទតុលាការថា មិនឯករាជ្យ ។ មេសង្ឃថ្លែងថា «សូមដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី ពេលនេះព្រះសង្ឃមានតែការបិណ្ឌបាត គ្មានអ្វីក្រៅពីនេះទេ» ។ មានការកត់សម្គាល់ថា អ្នកតវ៉ាមិនបានប្រើសម្តីមិនសមរម្យណាមួយដាក់ទៅលើសមត្ថកិច្ចទេ ។ អ្នកតវ៉ានាំមុខដោយព្រះសង្ឃចំនួន១៨អង្គ អមដោយក្រុមអ្នកតវ៉ាអះអាងថា មួយសប្តាហ៍ពួកគាត់មកប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណពន្ធនាគារ ម្តង ធ្វើយ៉ាងណា ជំរុញហើយជំរុញទៀត លុះត្រាតែមានការដោះលែងអ្នកជាប់ឃុំទាំងនោះឱ្យខាងតែបាន ។ ក្រៅពីកាន់ផ្កាឈូក អ្នកចូលរួមក៏មានកាន់ទង់ជាតិកម្ពុជា និងទង់ជាតិអង្គការសហប្រជាជាតិផងដែរ ។
ការតវ៉ាបានបញ្ចប់នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែល ដោយព្រះសង្ឃ និងអ្នកតវ៉ាបានចាកចេញដោយចិត្តឯង ៕