ភ្នំពេញ៖ប្រទេសកម្ពុជាបាន ទទួលរងឥទ្ធិពលខ្យល់ព្យុះចំនួន១៤៧លើក ដោយបាន បំផ្លិចបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋអស់ជាច្រើន ពាន់ខ្នង និងបានសម្លាប់មនុស្សចំនួន ២៨នាក់និងរងរបួសចំនួន៩៥នាក់ ផងដែរគិតត្រឹមរយៈពេល៧ខែឆ្នាំ២០១៣។
លោក កែវ វី នាយកខុទ្ទកាល័យ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានឲ្យដឹងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៣នេះថា ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៣នេះ កម្ពុជា បាន ទទួលរងនូវឥទ្ធិពលខ្យល់ព្យុះចំនួន១៤៧លើក ដែលបានបំផ្លិចបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ អស់ជាច្រើនពាន់ខ្នង ក្នុងនោះផ្ទះដែលត្រូវបានបំផ្លាញដោយខ្យល់ព្យុះ បោកបក់ឲ្យរលំទាំងស្រុងមានចំនួន១.៥៩៨ខ្នង ហើយផ្ទះដែលរបើកដំបូលខូចខាត មធ្យមមានចំនួន៦.១៤៥ខ្នង របើកដំបូលសាលារៀន៤៥អគារ។
លោកបន្តថា ក្នុងគ្រោះថ្នាក់ដែលបង្កឡើង ដោយខ្យល់ព្យុះនេះដែរបានបណ្តាលឲ្យមនុស្ស ចំនួន២៨នាក់ស្លាប់ បាត់បង់ជីវិត និង៩៥នាក់បានរងរបួសធ្ងន់ ដោយសារផ្ទះ និងដើមឈើរលំសង្កត់ពីលើ ហើយអ្នកស្លាប់ដោយ គ្រោះធម្មជាតិ រន្ទះបាញ់វិញក្នុងរយៈពេលដូចគ្នានេះ មានចំនួន៩៣នាក់ស្លាប់រងរបួសចំនួន៧២នាក់ និងងាប់គោ
ក្របី ៤៦ក្បាលផងដែរ រីឯគ្រោះទឹកជំនន់វិញ អ្នកស្លាប់បានកើនដល់៩នាក់ហើយ។
យ៉ាងណាក៏ដោយ នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវអនុវត្តដូចវិធីសាស្ត្រមួយចំនួន គឺត្រូវបន្ទន់ខ្លួនដោយ បញ្ឈរជង្គង់ទាំងពីរជិតគ្នានិង យកដៃខ្ទប់ត្រចៀក, ត្រូវរត់ចេញពីទឹកឬស្រែ,នៅខាងក្នុងផ្ទះ ឬរត់ចូលផ្ទះ, ត្រូវបន្ទន់ ខ្លួនឱបក្បាលជង្គង់និងបិទត្រចៀក ទាំងសងខាងនៅក្រោមបង្គោលភ្លើង, ត្រូវដកឌុយដោតភ្លើងឬឌុយទូរស័ព្ទ
ដោយទុក ចំងាយ១ម៉ែត្រពីប្រភព ចរន្តអគ្គិសនី, មិនត្រូវនិយាយទូរស័ព្ទនៅ ពេលឮសំឡេងផ្គរ, មិនត្រូវជិះម៉ូតូ ឬកង់, មិនត្រូវអង្គុយក្នុងតង់ និងមិនត្រូវអង្គុយចំក្រោមដើមឈើត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ ៤ម៉ែត្រ ពីមែកឈើ ។
សូមជ្រាបថា ចំពោះគ្រោះធម្មជាតិរន្ទះបាញ់នេះបានធ្វើឲ្យ ប្រជាពលរដ្ឋមានការព្រួយបារម្ភ និងមានការភ័យ ខ្លាច ជាខ្លាំង ព្រោះពីមួយឆ្នាំទៅមួយឆ្នាំចំនួនមនុស្សគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នេះមានការកើនឡើងជាបន្តបន្ទាប់ ហើយមានសភាព កាចសាហាវផងដែរ។ដើម្បីទប់ស្កាត់បញ្ហាគ្រោះធម្មជាតិរន្ទះបាញ់នេះ
គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីវិធីការពារខ្លួននៅពេលដែលមាន ភ្លៀងផ្គររន្ទះដូចជាកុំជ្រកក្រោមដើមឈើនៅពេលមានភ្លៀង កុំធ្វើការ នៅទីវាល បិទទូរស័ព្ទឬទូរទស្សន៍ជាដើម។ ប្រជាពលរដ្ឋគួរតែទៅរកកន្លែងដែលមានសុវត្ថិភាពដោយត្រូវជ្រកនៅ
ក្រោមផ្ទះ គឺជាការប្រសើរព្រោះបើវាមានគ្រោះថ្នាក់ក៏មិនដូចនៅទីវាលដែរ៕
ដោយ៖ ហង្ស ទេព