ភ្នំពេញ ៖ នៅថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១៤ មិនបានសម្រេច ឈានដល់ការចេញសាលក្រមនោះទេ ដោយសារតែមាន សំណើជាថ្មី ពីសំណាក់មេធាវីការពារក្តី ឱ្យជនជាប់ចោទ ដើម្បីឱ្យកូនក្តីពួកគេ បាននៅក្រៅឃុំ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះ នៃសវនា ការនេះ មិនបានអនុញ្ញាតនោះឡើយ ។
ចៅក្រមបានលើកពេល បើកសវនាការ ជំនុំជម្រះ ទៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ខាងមុខ ដោយសារតែថ្ងៃព្រហស្បត្តិ៍ សវនាការ បានពិភាក្សាតែរឿង សំណើនៅក្រៅ ឃុំ ដែលស្នើម្តងទៀត ដោយរូបលោក ។
លោក ហែម សុជាតិ បានមានប្រសាសន៍ថា «តាមការពិត ថ្ងៃនេះជារឿងជំនុំជម្រះ លើអង្គសេចក្តីទេ ប៉ុន្តែ ដោយសារ តែមានពាក្យស្នើនៅក្រៅឃុំម្តងទៀត នៅក្នុងដំណាក់កាលចៅក្រម ស៊ើបសួរ អញ្ចឹងនីតិវិធី កាលណាមានការសុំនៅ ក្រៅឃុំជាបណ្តោះអាសន្ន នៅក្នុងដំណាក់កាល នៃចៅក្រមជំនុំជម្រះ, ចៅក្រមជំនុំជម្រះ គាត់ត្រូវធ្វើការសម្រេច អំពី ការនៅក្រៅឃុំ ជាបឋមសិន ទើបគាត់អាចបន្តដំណើរការនីតិវិធី លើអង្គសេចក្តី អញ្ចឹងហើយ បានជាតាំងពីព្រឹកមិញ ល្ងាច រហូតដល់ប្រកាសសាលក្រមហ្នឹង គឺបានត្រឹមតែនិយាយពីបញ្ហាសុំនៅក្រៅឃុំ ជាបណ្តោះអាសន្នទេ»។
សកម្មជន គណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ដែលក្នុងនោះមានទាំងលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋាន ព័ត៌មាន និងផ្សព្វផ្សាយ របស់គណបក្សសង្គ្រោះជាតិផង ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពាក់ព័ន្ធនឹងការដឹកនាំ ឱ្យមានអំពើហិង្សា នៅលើទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។ សកម្មជនទាំងនេះ មាន៦ រូប ក្នុងចំណោមពួកគេ កំពុងរស់នៅក្រៅការឃុំឃាំងនៅឡើយ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងសកម្មជន ៤នាក់ផ្សេងទៀត ត្រូវបានតុលាការបដិសេធ មិនឱ្យនៅក្រៅឃុំម្តងជា២ដង ។
លោក មាជ សុវណ្ណារ៉ា ខណៈដែលបើកសវនាការ លើបណ្តឹងនៅក្រៅឃុំ កាលពីពេលកន្លងទៅ បាននិយាយថា រឿង របស់លោក ទាល់តែមានការសម្របសម្រួល ផ្នែកនយោបាយ មិនមែនជារឿងព្រហ្មទណ្ឌនោះទេ ៕