ភ្នំពេញ៖ លោក លី គឹមសូ អនុប្រធានពន្ធនាគារ ខេត្តកណ្តាល ត្រូវបាននារីបម្រើការងារនៅក្នុង ហាងខារ៉ាអូខេ បឹងតាប៉ែន លួចទូរស័ព្ទដៃស៊េរីទំនើបតំលៃជាង ៦០០ ដុល្លារ ដោយសារតែលោកស្រវឹងស្រាឱបថើបនាងជាដៃគូ ទើបបានត្រូវនាងលួចយកទូរស័ព្ទដោយមិនដឹងខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ រសៀលនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៣ ក្នុងបន្ទប់លេខ ៣៦ នៅខារ៉ាអូខេ បឹងតាប៉ែន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ប្រភពព័ត៌មានពីនារីៗនៅក្នុងខារ៉ាអូខេ បឹងតាប៉ែនបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ លោក លី គឹមសូ អនុប្រធានពន្ធនាគារខេត្តកណ្តាល បាននាំគ្នាប្រហែល ៤ ទៅ៥ នាក់ចូលផឹកស៊ីច្រៀង ខារ៉ាអូខេ បឹងតាប៉ែននៅក្នុងបន្ទប់លេខ៣៦ ហើយក៏បានហៅនារីខារ៉ាអូខេ ម្នាក់មួយៗមកអង្គុយកំដរ គ្រាន់បានឱបថើបជាល្បែងស្នេហាកំសាន្តលេង។ ចំណែកលោក លី គឹមសូ ក៏បានហៅនារីដៃគូដែលទើបបានចូលបម្រើការងារបានពីរថ្ងៃ ហើយទើបតែស្គាល់គ្នាបានពីរថ្ងៃដែរ មកអង្គុយកំដរគ្រាន់កែអផ្សុក។
ក្រុមកន្លង់ចាប់ផ្តើមក្រេបលំអងរុះរោយក្នុងភ្លើងពណ៌បង្កើតបានជាកំដៅស្នេហ៍យ៉ាងពុះកញ្ជ្រោលអម ជាមួយរសជាតិស្រាបៀរស្រវឹងជោកជាំធ្វើឱ្យនាងស្រីជាដៃគូរបស់លោក លី គឹមសូ ឆ្លៀតឱកាសបានលួច ទូរស័ព្ទស៊េរីទំនើបតំលៃជាង ៦០០ ដុល្លារ រួចជិះម៉ូតូឌុបទៅបាត់។
គួរបញ្ជាក់ថា នារីខារ៉ាអូខេ ដៃឆើតនោះទើបតែចូលបម្រើការងារបានពីរថ្ងៃ ហើយនារីនោះមិនមាន ប្រភពណាបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពដដែលបានបន្តទៀតថា កន្លងមកនៅក្នុងខារ៉ាអូខេ បឹងតាប៉ែន តែងតែកើតមានករណីស្រីៗ លួចលុយភ្ញៀវ និងទូរស័ព្ទជាញឹកញាប់ និងបង្កការបាញ់បោះដោយសេរីទៀតផង ហើយមិនមានសមត្ថកិច្ចណាចាត់ការបានឡើយ។ ចំពោះ លោក សាយ បូរិន អនុប្រធានសាខាគយខេត្តកណ្តាលដែលគេបានស្គាល់ថា ជាថៅកែហាងខារ៉ាអូខេ បឹងតាប៉ែន នោះក៏មិនដែលបានចេញមុខដោះស្រាយនូវករណីខាងលើឡើយ។
បញ្ហានេះត្រូវបានគេរិះគន់ថៅកែខារ៉ាអូខេថា គ្មានការទទួលខុសត្រូវ គឺបណ្តោយអោយមនុស្សស្រី ចេញចូលតាមអំពើចិត្ត គ្មានបានកត់ឈ្មោះអ្វីឡើយ។ នេះត្រឹមលួចទូរស័ព្ទភ្ញៀវ ចុះបើពួកនាង២ទាំងនោះ ប្លន់សំលាប់ភ្ញៀវយកទ្រព្យសម្បត្តិវិញ តើយើងទៅរកអត្តសញ្ញាណស្រីនោះនៅឯណា? សូមអាជ្ញាធរ និងសមត្ថកិច្ចខេត្តចុះណែនាំថៅកែនោះឡើងវិញ។ មិនតែប៉ុណ្ណោះគេក៏បានរិះគន់មន្ត្រីពន្ធនាគារនោះផងដែរ ព្រោះស្ថិតក្នុងម៉ោងរដ្ឋបាលសោះ ហេតុអ្វីក៏នាំគ្នាចេញទៅស៊ីផឹកចោលការងារបែបនេះ?៕
ដោយ៖ ដាំ ជា