ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយសារតែត្រូវបានយុវជនមួយក្រុមមានគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ បានកាប់មកលើរូបខ្លួន បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន ព្រោះតែប្រច័ណ្ឌរឿងមកឌុបនារីម្នាក់ដែលជាអតីតសង្សារ ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១ នឹង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ ទន្លេបាសាក ខណ្ឌចំការមន ។
នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់បានឈរចាំសង្សាររបស់ខ្លួននៅមុខមន្ទីរពហុព្យាបាល និងសម្ភព ត្បូងពេជ្រ ប្រមាណជា១៥នាទីក៏បានឃើញយុវជនម្នាក់ជាជនរងគ្រោះបានជិះម៉ូតូ ណូវ៉ូ ពណ៍ប្រផេះមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1Y-6968 បានមកយកនារីម្នាក់នោះ ។ ប៉ុន្តែទាន់បាននឹងជិះម៉ូតូចេញផងនោះ ក៏ស្រាប់តែមានយុវជនមួយក្រុមជិះម៉ូតូ៥គ្រឿង មានគ្នាប្រមាណជាង១០នាក់ បានធ្វើសកម្មភាពកាប់មកលើយុវជនម្នាក់នោះ បណ្តាល ឱ្យរយ៉ែសក្បាល និងរងរបួសជាច្រើនកន្លែងផ្សេងទៀត ។ បន្ទាប់ពីធ្វើសកម្មភាពកាប់មកលើយុវជនម្នាក់នោះរួចមក ក្រុមជនដៃដល់បានជិះគេចខ្លួនបាត់អស់តែម្តង។ តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ក្រុមជនបង្កដែលបានកាប់មកលើរូបខ្លួន ក្នុងនោះមានម្នាក់គឺជាអតីតសង្សាររបស់គេ ហើយដោយសារតែ នារីម្នាក់នោះ ឈប់ស្រលាញ់បុរសនោះហើយមកទំនាក់ទំនងស្នេហាជាមួយនឹងរូបគេ ទើបមានការខឹងសម្បារ ក៏នាំបក្សពួកមកកាប់តែម្តងទៅ មិនតែប៉ុណ្ណោះពួកគេក៏ធ្លាប់មានទំនាស់ជាមួយគ្នាជាច្រើនលើកមកហើយដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងបាននាំជនរងគ្រោះមក ដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ប៉ុន្តែជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយមានអាការៈស្រវឹងផងនោះ ៕