ក្រចេះ៖ រថយន្តមួយគ្រឿង ដែលឈ្មួញបានប្រើប្រាស់បន្លំជា របស់អង្គភាពយោធារកស៊ីដឹកជញ្ជូនឈើប្រណីត បើកក្រឡាប់ធ្លាក់ពីផ្លូវជាតិធ្វើឲ្យរថយន្តរងនូវការខូចខាតយ៉ាងដំណំ រីឯម្ចាស់ត្រូវរបួសស្រាល កាលពីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុច ភូមិខ្លាស្ទុះ សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
ប្រភពពីនគរបាល នៅកន្លែងកើតហេតុ បានឲ្យដឹងថាតាមការរៀបរាប់ពីពួកឈ្មួញ ដែលជាម្ចាស់រថយន្តគឺ ដំបូងមានរថយន្តកាមរីឆ្លាមមួយគ្រឿង ប្រមាញ់ ដេញតាមខ្លួន ស្រាប់តែមួយសន្ទុះក្រោយមកក៏មានពីរគ្រឿងទៀត មកស្ទាក់មុខគំរាមឲ្យ ឈប់ ទើបជាហេតុធ្វើឲ្យគេសម្រេចចិត្តបើគេចបណ្តាលឲ្យរេចង្កូតទាញក្រឡាប់ធ្លាក់ផ្លូវ នាំឲ្យ
មនុស្ស២នាក់ ក្នុងរថយន្តរងរបួសស្រាល។
បើតាមការរៀបរាប់របស់ឈ្មួញ ប្រាប់នគរបាលនោះ គឺគេមិនហ៊ានបញ្ជាក់ អំពីរថយន្តប្រដេញទាំងបីគ្រឿងនោះ ថាជារបស់ សមត្ថកិច្ចមួយណានោះទេគ្រាន់តែខ្សឹបប្រាប់ថា រថយន្តទាំងបីគ្រឿងនោះ មានកាមរីឆ្លាមពណ៌ស្លែកាមរីឆ្លាមពណ៌ស្ករ និង កាមរីហើមពណ៌សំបកឪឡឹក ក្នុងនោះនគរបាល ក៏មិនទាន់កំណត់អត្តសញ្ញាណជនទាំងពីរ
នោះបាននៅឡើយទេ ដោយសារមានអ្នក មកជម្លៀសជនល្មើសទៅបាត់ ណាមួយគឺវាមិនមែន ស្ថិតនៅក្នុងដែនសមត្ថកិច្ចខ្លួនផង។
លោក ប៉ុក វណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានឲ្យដឹងថាចំពោះជនល្មើស នៅមិនទាន់កំណត់អត្តសញ្ញាណនៅ ឡើយទេ ប៉ុន្តែរថយន្តត្រូវបានស្ទូចដឹកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃគេសង្កេតឃើញ មានរថយន្តពាក់ស្លាកលេខខ-ម ធំតូចជាច្រើន គ្រឿងទៀត ដែលប្រកបរបររកស៊ី ដឹកជញ្ជូនឈើប្រណីតបានយ៉ាងរលូនតែសមត្ថកិច្ចហាក់ដូចជា ពុំមានវិធានការនៅឡើយទេទំនងជាពួកឈ្មួញទាំងនោះ ត្រូវរ៉ូវជាមួយសមត្ថកិច្ចឬក៏សមត្ថកិច្ចឆ្លៀតឱកាសរកស៊ីជាមួយពួកឈ្មួញ ក៏មិនដឹង
ទើបបានជាការដឹកជញ្ជូនវាចេះតែប្រព្រឹត្តទៅបានដោយរលូនបែបនេះ៕
ដោយ៖ កែវ រដ្ឋា