កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានរៀបចំពិធី ប្រកាសតែងតាំងមុខតំណែងលោក ម៉េង ហាក់ អតីតប្រធានភូមិបាលការិយាល័យស្រុកទទួលតំណែងជាអភិបាលនៃគណៈអភិបាលស្រុក ទឹកផុសថ្មី ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំស្ថាប័នមន្ទីរនានាជុំវិញខេត្ត ព្រមទាំងភ្ញៀវចូលរួមប្រមាណ ២០០នាក់ ។
នៅក្នុងពិធីប្រកាសតែងតាំងតំណែងខាងលើនេះ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីសាលាស្រុកទឹកផុសបានអោយដឹងថា ការប្រកាសតែតាំងលោក ម៉េង ហាក់ ជាអភិបាលស្រុកទឹកផុសថ្មីនាពេលនេះធ្វើអោយប្រជាពលរដ្ឋ និងមន្ត្រីសាលាស្រុកមានការសោកស្តាយជាពន់ពេកដោយពួកគាត់សំដែងនូវការមិនសប្បាយចិត្ត និងផ្តល់ជាសេចក្តីរាយការណ៍ថា មិនគួរណាថ្នាក់លើសម្រេចអោយ បុគ្គលរូបនេះទទួលតំណែងជាអភិបាលស្រុកឡើយ ព្រោះ បុគ្គលរូបនេះបើពិនិត្យលើការបំពេញភារកិច្ច កាលពីនៅទទួលតួនាទីជាប្រធានការិយាល័យ ភូមិបាលស្រុកទឹកផុស បានថ្វើអោយប្រជាពលរដ្ឋមានការថ្នាក់ថ្នាក់ ដោយមានពាក់ព័ន្ធនឹងរឿង មិនប្រក្រតីជាច្រើនករណី ដូចជាករណីជំនាន់និស្សិតវាស់ដីគឺបុគ្គលរូបនេះបានបង្ខំអោយស្មៀនឃុំស៊ីញេលើលិខិតពាក់ព័ន្ធផ្សេងៗទុកជាមុន ពាក់ព័ន្ធនឹងការវាស់ដីរបស់ក្រុមនិស្សិត ។ បានភ័ន្ធ ភ្នែកក្រុមនិស្សិតវាស់ដី ថាបានវាស់ដីជូនប្រជាពលរដ្ឋតែតាមពិតវាស់យកខ្លួនឯង និងអោយក្រុមគ្រួសារ បក្ខពួក របស់ខ្លួន ។ ប្រជាពលរដ្ឋចំនួន៤៨៩គ្រួសារ មកពីបីឃុំ គឺឈើក្បាលទឹក ឃុំទួលខ្ពស់ និង ឃុំជៀប ដែលពុំបានទទួលដីរបបតាមគោលការណ៍របស់រាជរដ្ឋាភិបាលកំណត់ បានផ្តិតមេដៃអោយ លោកអភិបាលស្រុក និង លោកអភិបាលខេត្តព្រមទាំងសម្តេចតេជោ ជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រផង ។
ប្រជាពលរដ្ឋសំណូមពរសុំអោយ ថ្នាក់លើ ធ្វើការពិចារណាឡើងវិញ ចំពោះការតែងតាំង លោក ម៉េង ហាក់ ជាអភិបាលស្រុកទឹកផុសនេះ ព្រោះថាមានរឿងពាក់ព័ន្ធជាច្រើនករណី ដែលធ្វើអោយប្រជាពលរដ្ឋមិនមានភាពជឿជាក់និងមិនសប្បាយចិត្ត ដែលជាហេតុឈានទៅធ្វើអោយ បាត់បង់ស្ថិតិសន្លឹកឆ្នោតរបស់បក្ស ៕ ដោយ គិរី ពេជ្រ