អ្នកមានជម្លោះដីធ្លីជាង២០០គ្រួសារ នៅស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃពុធនេះប្រតិកម្មខ្លាំងៗទៅនឹងតំណាងសាស្ត្រដែលមានអាសនៈក្នុងសភា ដោយចោទថាគ្មានឆន្ទៈរកដំណោះស្រាយ ទប់ស្កាត់ការបណ្តេញចេញ ។
ប្រតិកម្មនេះក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នាស្រែកតាមឧគ្ឃោសនាសព្ទមុខមន្ទីររដ្ឋសភានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ ។
អ្នកស្រី ជឹម សុខហេង ប្រាប់អ្នកសារព័ត៌មានមុនដាក់ញត្តិថា ថ្មីៗនេះគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មកពីគណបក្សសង្គ្រោះជាតិ និងលោកស្រី ឡោក ខេង មកពីគណបក្សប្រជាជនកម្ពុជាបានអះអាងប្រាប់អ្នកភូមិថា ដីដែលពួកគេធ្លាប់ដាក់ញត្តិទាមទារសុំរស់នៅកន្លែងដើមវិញនោះជាដី រដ្ឋ ។
ក្រោយពីមានសម្រែកតវ៉ាតំណាងរាស្ត្រយ៉ាងតិច៣រូប ទាំងបក្សកាន់អំណាចលោកស្រី ឡោក ខេង និងបក្សប្រឆាំងលោក ជា ប៊ូច និងលោក នុត រំដួល ចេញជួបក្រុមអ្នកតវ៉ាដោយតម្រូវឲ្យតំណាងអ្នកភូមិចូលជួប ក្នុងមន្ទីររដ្ឋសភា ដើម្បីស្វែងយល់ពីបំណងនៃការស្វែងរកកិច្ចអន្តរាគមន៍ ។
ស្ត្រីអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀត បានប្រតិកម្មចំពោះមុខតំណាងរាស្ត្រទាំង៣ថា ពួកគេនឹងមិនទៅរស់នៅកន្លែងថ្មី តាមការបណ្តេញចេញរបស់អាជ្ញាធរខេត្តព្រះវិហារទេ ហើយពួកគេសុខចិត្តទៅរស់នៅក្នុងពន្ធនាគារទាំង២៥៣គ្រួសារ បើតំណាងរាស្ត្រគ្មានលទ្ធភាពការពារពួកគេឲ្យរស់នៅលើភូមិចាស់ដែល រស់នៅតាំងពីសម័យសង្គមរាស្ត្រនិយម។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង សុំមិនអត្ថាធិប្បាយឆ្លើយតមភ្លាមៗពីការលើកឡើងរបស់អ្នកភូមិនេះទេ ដោយអះអាងថារង់ចាំធ្វើសន្និសីទសារព័ត៌មាននៅពេលក្រោយ ។ ប៉ុន្តែលោក ជា ប៉ូច ដែលចេញជួបក្រុមអ្នកតវ៉ា អះអាងថារដ្ឋសភាមានសិទ្ធិត្រឹមស៊ើបអង្កេត និងដាក់ឯកសារទៅស្ថាប័នពាក់ព័ន្ធ ឲ្យពិចារណាពីដំណោះស្រាយ ឯការសម្រេចជាអំណាចរបស់តុលាការ និងរដ្ឋាភិបាល ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាតំណាងរាស្ត្រក្នុងសភាគួរប្រឹងប្រែងខ្លាំងជាងនេះ ក្នុងការបង្ហាញពីតម្លាភាពនៃកិច្ចអន្តរាគមន៍រកដំណោះស្រាយ ដើម្បីកុំឲ្យអ្នករងគ្រោះចេះតែបន្តកើនឡើង រីឯអ្នកមានអំណាចមានលុយនៅតែបន្តរំលោភសិទ្ធិអ្នកភូមិ ៕