ស៊ីដនី ៖ បុរស ២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងស៊ីដនី ក្នុងដំណើរការ ស៊ើបអង្កេតរបស់ ក្រុមប្រឆាំងភេរវកម្ម បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី តូនី អាប់បុតត៍ បានព្រមានចំពោះករណីភេរវកម្ម ដូចការ ឡោមព័ទ្ធ ហាង កាហ្វេ ម៉ាទីន ដែលជនរងគ្រោះ ២នាក់ និងខ្មាន់កាំភ្លើងម្នាក់ ត្រូវបានបាញ់សម្លាប់កាលពី សប្តាហ៍មុន ។
ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុង ប្រតិបត្តិការ ប្រឆាំង ភេរវកម្មនេះ បុរសម្នាក់វ័យ ២០ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន របស់គេ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ និង ស្ថិតក្រោមការចោទប្រកាន់ ជាមួយនឹងឯកសារ ដែលពាក់ព័ន្ធនឹងបក្ខពួកក្រុមវាយ ប្រហារភេរវកម្ម ដែលប្រឈមនឹង បទល្មើសជាការពិន័យអតិបរមា និង ត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ។
ដោយឡែកបុរសទី២ វ័យ ២១ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដូចគ្នាដែរ ត្រូវបាន ចោទប្រកាន់ពីបទ ហាម ឃាត់ការត្រួតពិនិត្យរបស់ក្រុមការងារ នឹងត្រូវបានអនុវត្តការពិន័យ ដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ ។
ក្រុមការងារចុះត្រួតពិនិត្យ បានធ្វើការ ដើម្បីតាមដានអ្នកទាំងឡាយណា ដែលមានការពាក់ព័ន្ធ នឹងក្រុមភេរវកម្ម មក ពីតំបន់ណាមួយ ឬក៏ចាកចេញពីប្រទេសអូស្ត្រាលី ហើយមានការពាក់ព័ន្ធនឹងនរណាម្នាក់ ដែលបាន ធ្វើសកម្មភាព ណាមួយ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា រួមទាំងប្រព័ន្ធ អ៊ិនធើណែត ។
ស្នងការប៉ូលិស សន្ដិសុខជាតិ សហព័ន្ធអូស្ត្រាលី លោក Michael Phelan បានឱ្យដឹង ក្នុង សេចក្តីថ្លែង ការណ៍មួយ ថា ប្រតិបត្តិការនេះ គឺសម្រាប់គ្រប់បណ្ដាភ្នាក់ងារទាំងអស់ ដែលអាចកត់សម្គាល់បានថា តើវាមាន សារៈសំខាន់បែប ណា ក្នុងការបញ្ចេញសកម្មភាពជាបន្ទាន់ ដើម្បីការពារសមាជិកជាជន គ្មានកំហុស នៅក្នុងសហគមន៍ ដែលជាមុខ សញ្ញាហាមឃាត់ ៕