ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹង អួតអាងថាខ្លួនឯងជា អ្នកមានអំណាច ពាក់ផ្កាយ១ បានចូលមកផឹកស៊ីនៅក្នុងភោជនីយដ្ឋាន យីហោកង្កែបតូច ជាមួយនិងបក្សពួក ៦-៨នាក់ ហើយខណៈដែលផឹកស៊ីស្រវឹង រូបគេរួមទាំងបក្សពួកបានស្រែកជេរប្រមាថ នារីដែលបម្រើការងារក្នុងហាងខាងលើ ដូចឆ្កែ ដូចឆ្មា និងបានវាយនារីរូបនោះ បណ្តាលឲ្យបែកម៉ាត់ហូរឈាម ទើបបង្កឲ្យមានភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានប៉ុស្តិ៍ដង្កោ ចុះមក
អន្តរាគមន៍ឃាត់ខ្លួនបុរសរូបនោះ យកមកទីស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្តង។
ហេតុការណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា កើតឡើងកាលពីវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភោជនីយដ្ឋាន យីហោ កង្កែបតូច នៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ បុរសដែលអួតអាងថាខ្លួនមានឋានៈជាផ្កាយមួយ មានឈ្មោះ ម៉ម សុខធី ភេទប្រុស អាយុជាង៣០ឆ្នាំ មានឋានៈជានាយឧត្តមសេនីយ៍ផ្កាមួយ ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ បើយោងទៅតាមនារីរងគ្រោះឈ្មោះ ចែ លីន បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ បុរសឈ្មោះ ម៉ម សុខធីរួមជាមួយនិងបក្សពួក៥-៨នាក់ បានចូលមកផឹកស៊ីក្នុងភោជនីយដ្ឋាន យីហោកង្កែបតូច ខណៈនោះក្រុមជនបង្ក បានស្រែកហៅនារីបម្រើក្នុងភោជនីយដ្ឋាន ទាំងពាក្យគំរោះគំរើយឲ្យនារីទាំងនោះចូលមកចាក់ស្រាឲ្យពួកគេ ប៉ុន្តែដោយសារតែក្រុម
នារីបម្រើការក្នុងហាង ស្អប់ខ្ពើមនូវពាក្យសម្តីរបស់ភ្ញៀវមួយក្រុមនេះ ទើបពួកនាងមិនចូលមកចាក់ស្រាឲ្យ ។ រហូតជនបង្កផឹកស៊ីអស់រយៈពេលជាង១ម៉ោង ទើបមាននារីម្នាក់ ដែលត្រូវជាមេការឈ្មោះ ចែ លីន បានដើរចូលក្នុងខ្ចុះរបស់ពួកគេដើម្បីចាក់ស្រា ប៉ុន្តែខណៈនោះ ដោយសារតែឈ្មោះ ម៉ម វ៉ាន់នី អាងខ្លួនជាអ្នកមានអំណាច បានស្រែក
ជេរប្រមាថ និងដៀលឈ្មោះចែ លីន ដូចឆ្កែ ដូចឆ្មារ និងបានលើកដៃទះកំប្លែង បែកម៉ាត់ ហូរឈាមផងដែរ ។ ភ្លាមៗនោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ ភ្ញៀវមួយចំនួនដែលចូលពិសារអាហារនៅក្នុងហាងនោះ រហូតធ្វើឲ្យផ្អើលដល់នគរបាលខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបុរសខាងលើ យកមកកាន់ទីស្នាក់នគរបាលប៉ុស្តិ៍ដង្កោ
ដើម្បីបន្តធ្វើការសាកសួរ ពាក់ព័ន្ធនឹងករណីខាងលើនេះ ។
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនបង្កខាងលើ និយាយហាក់បីដូចជាមិនគោរពនគរបាលសូម្បីតែបន្តិច ព្រោះរូបគេគិតថា ឋានៈត្រឹមនគរបាលមូលដ្ឋាន គ្មានសិទ្ធឃាត់ខ្លួនគេ ដែលមានឋានៈពាក់ផ្កាយមួយនោះទេ ហើយរូបគេព្រមទាំងប្រកែកថា មិនបានវាយទៅលើនារីក្នុងហាងទៀត ។ ប៉ុន្តែសមត្ថកិច្ចនៅតែបន្តឃាត់ខ្លួនបុរសខាងលើនេះ ដោយយោងទៅតាមពាក្យបណ្តឹងរបស់នារីបម្រើការក្នុងហាង ដោយនារីបម្រើការក្នុងហាង ប្តឹងចោទប្រកាន់ពីបទប្រើប្រាស់អំពើហិង្សាដោយចេតនា និងជេរប្រមាថ ប៉ះពាល់ដល់កត្តិយសខ្លួននាង ដូច្នេះហើយបុរសខាងលើនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការសាកសួរ និងចាត់ការបន្តទៀត៕
» Breaking News, ព័ត៌មានជាតិ » បុរសម្នាក់មានងារជានាយឧត្តមសេនីយ៍ផ្កាមួយ ចូលផឹកស៊ី បង្កជម្លោះ និងជេរប្រមាថនារីបម្រើការងារក្នុងហាង