ព្រះសីហនុ ៖ កាលពីថ្ងៃទី ២២ ធ្នូ ២០១៤ ខណៈមានករណីគ្រោះថ្នាក់ចរាចរណ៍មានការហក់ឡើងខ្ពស់នៅខេត្ត ព្រះសីហនុនាមួយរយៈចុងក្រោយនេះ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានធ្វើការរឹតបន្តឹងនៅតាមដងវិថីនានា ក្នុងក្រុងព្រះសីហនុ ជុំវិញបញ្ហារថយន្តខ្វះលក្ខណៈបច្ចេកទេស រថយន្តដឹកលើសទម្ងន់កំណត់ និងរថយន្តដឹកសំពីងសំពោង ត្រូវសមត្ថកិច្ចចរាចរណ៍ធ្វើការឃាត់រថយន្តខាងលើយកអប់រំណែនាំនៅការិយាល័យចរាចណ៍ខេត្ត ។ លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានអះអាងថា ដោយសារតែការមិនគោរពច្បាប់ចរាចរណ៍របស់បុគ្គលមួយចំនួន បានធ្វើឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាហូរហែស្ទើ រជារៀងរាល់ថ្ងៃ ហេតុនេះហើយទើបសមត្ថកិច្ចជំនាញរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានខិតខំអស់ពីកម្លាំងកាយ ចុះធ្វើការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ទាំងនៅក្នុងវិធីនានាក្នុងក្រុង និងនៅតាមគោលដៅដើមជាដើម ៕