ខេត្តសៀមរាប ៖ ឃាត់ខ្លូនបុរសជនជាតិវៀតណាមចំនួន៣នាក់ព្រមទាំងវត្ថុតាងមួយចំនួនដោយមានការសង្ស័យថា ជនបរទេសទាំងនោះក្លែងបន្លំឯកសារនិងប្រើប្រាស់លិខិតក្លែងក្លាយដើម្បី ដើរជំរិតទារលុយពីប្រជានេសាទ។ ការឃាត់ខ្លូននេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីនៅថ្ងែទី២១ខែធ្នូឆ្នាំ២០១៤ ស្ថិតនៅតំបន់មាត់ទឹកបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទូលបន្ទុកអន្តោប្រវេសន៏នៃខេត្តសៀមរាបបានឲ្យដឹងថា មានជនជាតិវៀតណាម៣នាក់ភេទប្រុសគ្មានឯកសារត្រឹមត្រូវតែមានប្រើប្រាស់ប័ណ្ណសមាជិករបស់អង្គការការពារបរិស្ថានចុះធ្វើសកម្មភាពបង្ក្រាបបទនេសាទតំបន់ចុងឃ្នៀស។
ជនសង្ស័យទី១មានឈ្មោះ អេង ផង់ ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខងារជានាយករងសាខាតំបន់បឹងទន្លេសាបនៃអង្គការការពារបរិស្ថាន និងសិទ្ធពលរដ្ឋកម្ពុជា មានទីលំនៅនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។ ទី២មានឈ្មោះ ចឹង តឹងវៀត ភេទប្រុស អាយុ៤៨ឆ្នាំប្រើប្រាស់ប័ណ្ណសមាជិកការពារបរិស្ថាន ក្លែងក្លាយដែលមានឈ្មោះ អ៊ុយ ដាលិនសញ្ជាតិខ្មែរ (យករូបថតរបស់ខ្លួនមកបិទ) មានមុខងារជាជំនួយការនាយកសាខាខេត្តបាត់ដំបងមានទីលំនៅ នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ទី៣ឈ្មោះឡេ យាំងលើយ ភេទ ប្រុស អាយុ២៨ឆ្នាំ កាន់ប័ណ្ណសមាជិកអង្គការការពារបរិស្ថានក្លែងក្លាយរបស់ឈ្មោះ ពិន ពីសី សញ្ជាតិខ្មែរ (យករូបថតរបស់ខ្លូនមកបិទ) មានមុខងារជាជំនួយការខេត្តបាត់ដំបង មានទីលំនៅភូមិលេខ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៤ អ្នកទាំង៣បានធ្វើសកម្មភាពចុះធ្វើបទល្នើសនេសាទនៅតំបន់ក្បាល តោ ដោយគ្មានសហការជាមួយសមត្ថកិច្ចខាងណាឡើយ ដោយចាប់ទូកនេសាទចំនួនមួយគ្រឿងយកមករក្សាទុកនៅតំបន់ចុងឃ្នៀស ដើម្បីឲ្យម្ចាស់ទូកបង់លុយឲ្យពួកគេចំនួន១លាន៥សែនរៀល ទើបពួកគេឲ្យទូកត្រឡប់ទៅវិញ។
ក្នុងនោះសមត្ថកិច្ចបានដកហូតុយកវត្ថុតាងមួយចំនួនពីក្រុមជនល្មើសដូចជា កាណូតមួយគ្រឿង កាំបិតផ្គាគចំនួន២ ពូថៅ១ ដំបងឆក់១ កាមេរ៉ាថតរូប១គ្រឿងនិងសម្ភារមួយចំនួនទៀត។
ជនសង្ស័យត្រូវលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបញ្ជាឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យអន្តោប្រវេសន៍នៃស្នងការខេត្តសៀមរាបដើម្បីរៀបចំ សំណុំរឿងបញ្ជូនទៅតុលាការ៕R/c