កណ្តាល ៖ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យឆ្មបប្រចាំការនៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅធ្វើអោយទារិកាម្នាក់បានលង់ទឹកភ្លោះស្លាប់ក្នុងផ្ទៃម្តាយ ជាហេតុធ្វើឲ្យឪពុក-ម្តាយមានការទ្រោហោយំសោកស្តាយ កូនស្រីដែលខំពពោះអស់រយៈពេល៩ខែ១០ថ្ងៃនោះជាខ្លាំង។ ទារិកាខាងលើនេះបានស្លាប់ក្រោមស្នាដៃគ្រូពេទ្យឆ្មបនៅវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០១៤ ។
ម្តាយទារិកាមានឈ្មោះ វុធ សុជាតា អាយុ២៨ឆ្នាំ និងបុរសជាឪពុកមានឈ្មោះ ញ៉ែម តារាវុធ ជាអ្នករស់នៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោក ញ៉ែម តារាវុធ ឪពុកទារិការងគ្រោះបានរៀបរាបថា ចាប់តាំងពីប្រពន្ធរបស់គាត់មានផ្ទៃពោះរួចមកគាត់តែងតែនាំទៅឲ្យ ក្រុមគ្រូពេទ្យពិនិត្យសុខភាពរាល់១ខែម្តង គឺមិនធ្វេសប្រហែសនោះទេព្រោះខ្លាចកូនមិននៅ ។ រហូតមកដល់អំឡុងខែ១១ ឆ្នាំ២០១៤ ជាខែទី៨សម្រាប់កូនក្នុងផ្ទៃនោះ គាត់បាននាំប្រពន្ធទៅឲ្យក្រុមគ្រូពេទ្យពិនិត្យសុខភាពម្តាយនិងកូន ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថា “សុខភាពម្តាយ-កូនល្អប្រសើជាធម្មតាទេ ពុំមានអ្វីខុសប្រក្រតីឡើយ” ។
ឪពុកទារិការងគ្រោះបានបញ្ជាក់ថា រហូតមកដល់ជិតគ្រប់ខែ គឺនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ រូបគាត់ក៏បាននាំប្រពន្ធទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជ័យជំនះនេះ តែម្តងហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថា “សុខភាពម្តាយ-កូនល្អប្រសើជាធម្មតាទេ ត្រៀមសម្ភារប្រើប្រាស់សម្រាប់ថ្ងៃឆ្លងទន្លេនៅពេលដ៏ខ្លីខាងមុខនេះ ” ។ ក្រោយពីបានឮយ៉ាងដូច្នេះរូបគាត់ជាប្តី និងជាឪពុកទារិកាមានក្តីសប្បាយយ៉ាងខ្លាំង ។ លុះមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ៨យប់ប្រពន្ធរបស់គាត់មានអាការៈឈឺពោះតិចៗ ទើបគាត់មិនទាន់បាននាំទៅមន្ទីរពេទ្យ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែឆ្នាំដដែល រូបគាត់និងម្តាយបានបញ្ជូនប្រពន្ធតាមរថយន្តយកទៅសម្រាលកូននៅ មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។
លោកបន្តទៀតថា ពេលទៅដល់គ្រូពេទ្យម្នាក់ដែលប្រចាំការបានបូមឈាមប្រពន្ធរបស់គាត់ យកទៅពិនិត្យ ហើយក៏មិនអើពើអ្វីដែរគឺទុកឲ្យគាត់ និងប្រពន្ធអង្គុយចាំនៅលើបង់ខាងមុខអគារសម្ភព រហូតដល់ប្រពន្ធគាត់ឈឺពោះខ្លាំងស្រែឡូឡាទើបមានអ្នកគ្រូពេទ្យ ម្នាក់ចេញមកសួរនាំ ហើយប្រពន្ធរបស់គាត់បានប្រាប់ទៅកាន់អ្នកគ្រូពេទ្យថាឈឺពោះខ្លាំងណាស់វះកាត់តែម្តងទៅ តែអ្នកគ្រូពេទ្យមិនបានតបតនោះទេ ក៏បានឲ្យប្រពន្ធរបស់គាត់ឡើងទៅលើគ្រែសម្រាល ។ ការសម្រាលនោះទៀតសោតអស់រយៈពេលជាច្រើនម៉ោងប្រពន្ធរបស់គាត់ពុំ អាចសម្រាលកូនបានទេ រហូតធ្វើឲ្យកូននៅក្នុងផ្ទៃឈ្លក់ទឹកភ្លោះស្លាប់ ទើបមានគ្រូពេទ្យម្នាក់ទៅបូមយកទារិកាចេញពីក្នុងផ្ទៃប្រពន្ធគាត់ ។
ទាក់ទាងនឹងករណីខាងលើនេះដែរអ្នកយកព័ត៌មានអរិយធម៌បានទំនាក់ទំនងទៅកាន់លោកប្រធានមន្ទីរពេទ្យជ័យ ជំនះតាមទូរស័ព្ទដើម្បីសុំការបំភ្លឺ ហើយត្រូវបានប្រធានមន្ទីរពេទ្យបញ្ជាក់ថា រហូតដល់ពេលនេះលោកពុះអាចបកស្រាយបានទេ គឺរង់ចាំនៅថ្ងៃទី២៣ ខែធ្នូលោកនឹងធ្វើការប្រជុំជាមួយគ្រូពេទ្យបច្ចេកទេស ដើម្បីរកពីមូលហេតុច្បាសលាស់ ៕