ភ្នំពេញ ៖ ព្រឹត្តការណ៍ដែលមិនគួរនឹកស្មានមិនដល់មួយបានកើតឡើង ខណៈបុរសម្នាក់យកភ្លើងទៅដុតសំបុកឱមាល មួយកន្លែងស្ថិតនៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បង្កឲ្យមានការឆាបឆេះដើមត្នោតយ៉ាងសន្ធោសន្ធៅ ត្រូវបានប្រជាពលរដ្ឋនាំគ្នាយកទឹកមកអន្តរាគមន៍បាញ់ពន្លត់ កុំឲ្យរាលដាលធំដុំដល់លំនៅឋានប្រជាពលរដ្ឋនៅជិតចំណុចកើតហេតុនោះ។ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩ និង ១០ នាទីយប់ថ្ងៃទី ១៦ខែសីហាឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងមុនពេលកើតមានការភ្ញាក់ផ្អើល គឺមានបុរសម្នាក់ បានយកភ្លើងទៅដុតដើមត្នោតបំបែកសំបុកឱមាល ប៉ុន្តែផ្លោតស្នៀតបណ្តាលឲ្យកើតមានជាអគ្គិភ័យ ឆាបឆេះ ដើមត្នោតខាងលើនេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យប្រជាពលរដ្ឋរស់នៅជិតនោះម្នាក់ភ័យស្លេកមុខស្លេកមាត់ ព្រោះ ខ្លាច
អណ្តាតភ្លើងឆាបឆេះដល់លំនៅឋានរបស់ពួកគាត់ ប៉ុន្តែអណ្តាតភ្លើងត្រូវរលត់ទៅវិញភ្លាមៗ ខណៈប្រជាពលរដ្ឋបាននាំគ្នាជួយអន្តរាគមន៍ពន្លត់ផងដែរ តែទល់មិនឈ្នះ ក៏សម្រេចបានត្រឹមឈរមើល រហូតឆាបឆេះអស់ដើមត្នោត ១ដើម ទើបអណ្តាតភ្លើងបានរលត់សូន្យសុងតែម្តងទៅ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិណាម្នាក់នោះទេ តែបណ្តាលឲ្យដើមឆ្នោត ១ដើម ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ។ បញ្ហានេះសមត្ថកិច្ចបានធ្វើការអប់រំបុរសខាងលើសូមកុំធ្វើអ្វីៗ ដូចករណីនេះព្រោះថ្ងៃក្រោយវាអាចប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ៕
ទុយ ម៉ែន