បាត់ដំបង ៖ ស្ត្រីម្នាក់ដោយទ្រាំនឹងប្តីវាយធ្វើទារុណកម្ម និងបង្ខំឱ្យប្រើប្រាស់ថ្នាំញៀនលែងបានបានជិះម៉ូតូឌុបមកប្តឹងនៅ ស្នាក់ការអង្គការការពារសិទ្ធិមនុស្សអាដហុកឱ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី២២ ធ្នូ នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីខាងលើឈ្មោះ គុយ ចំរើន អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ទាំងទឹកភ្នែកថា ប្តីរបស់នាងឈ្មោះ តួន សិលា អាយុ៣៩ឆ្នាំ ជាអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀនផងដែរ ។
នាងបានបន្តទៀតថា ប្តីរបស់នាងបានវាយធ្វើបាបនាងតាំងពីយប់ថ្ងៃទី២១ ធ្នូ និងបង្ខំឱ្យនាងប្រើប្រាស់ថ្នាំញៀនទៀតផងទើបនាងទ្រាំលែងបានក៏រត់ទៅផ្ទះបងស្រី ហើយបងស្រីរបស់នាងបានប្រាប់ផ្លូវឱ្យមកប្តឹងអង្គការអាដហុកនេះ តែម្តង។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ពេលនាងរត់ចេញពីផ្ទះ នាងលួចបានថ្នាំញៀនមួយកញ្ចប់មកជាមួយដែរ។ ពេលនេះអង្គការអាដហុកបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំបន្តទៀត៕