ភ្នំពេញ : យុវជនមួយក្រុមមានគ្នា ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ឋនឹងការមានលាក់ទុកសារធាតុញៀន និងឧបករណ៍កាច់កម៉ូតូ ព្រមទាំងសម្ភារ:សេពថ្នាំញៀនជាច្រើនទៀត ក្នុងប្រតិបតិ្តការចុះពិនិត្យអាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវសឡា ត្រង់ចំណុចមុខផ្ទះសំណាក់ ខេធូ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចចម្រុះឃាត់ខ្លួនយុវជនទាំង ៧នាក់នេះ ស្ថិតនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ក្រោមគណ:បញ្ជាការ ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយអភិបាលរងខណ្ឌ លោក ហៀក ចាន់លាង និងមានការចូលរួមពីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន មេប៉ុស្តិ៍ស្ទឹងមានជ័យ ។
ប្រតិបត្តិការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវសឡានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជន៧នាក់ ខណ:ពួកគេមានថ្នាំញៀននៅជាប់ខ្លួន ១កញ្ចប់ រួមទាំងឧបករណ៍កាច់ក (សោរាងអក្សរតេ) ម៉ូតូមួយចំនួនទៀត ។
អភិបាលរងខណ្ឌមានជ័យបានបន្តទៀត ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក៏ដើម្បីចូលរួម ទប់ស្កាត់បទល្មើស ខណៈសកម្មភាពឆក់ ប្លន់ បានកើតឡើង ក្នុងរយ:ពេល កន្លងទៅនេះ
ការចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងត្រួតពិនិត្យ ជាតិអាកុល ខាងលើនេះ ក៏ដើម្បី ពិនិត្យមើល ការបើកបរ របស់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ ចរាចរណ៍ និងធ្វើការផាកពិន័យទៅលើយាន្តយន្ត ហើយធ្វើការអប់រំ ដល់អ្នកដំណើរឆ្លងកាត់ ដែលមិន ទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត របស់ពួកគេចំនួន ៧០គ្រឿង និងឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ នឹងរកឃើញថ្នាក់ញៀន ១កញ្ចប់តូច ក្នុងនោះជនសង្ស័យលួចកាច់កម៉ូតូបាន២នាក់ រួមនឹងវត្ថុតាងមានដែកតេ១នឹងប្រដាប់ស្កិសសោរ១។ ជនសង្ស័យទាំងបីនាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕