ខេត្តព្រះសីហនុ៖ ជនជាតិអាមេរិកបានវាយបុរសជាបុគ្គលិកផ្ទះសំណាក់ GBT3 ម្នាក់បានរងរបួសធ្ងន់កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២០ ធ្នូ ២០១៤ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ។
ជនបង្កឈ្មោះ BARNETT JASON RICHARD ជាជនជាតិអាមេរិកាំង អាយុ៣៣ឆ្នាំ កាន់លិខិឆ្លងដែនលេខ ៥២៧៤៤២៨៦៤ មានមុខរបរទេសចររយៈពេលវែង ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ឯជនរងគ្រោះមានឈ្មោះ នាង សារិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកនាំភ្ញៀវនៅផ្ទះសំណាក់ GBT3 មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់សង្ឃឹមរស់តិចតួច កំពុងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ (មកដល់រសៀលថ្ងៃទី២១នេះនៅពុំទាន់ដឹងខ្លួននៅឡើយ)។
ចំពោះដើមហេតុនៃការធ្វើទារុណកម្មនេះ សមត្ថកិច្ចនៅពុំទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ដោយឡែកយោងតាមប្រភពពីបុគ្គលិក GBT3 ដូចគ្នាបានឲ្យដឹងថា ជនបង្ក និងជនរងគ្រោះគឺជាមិត្តនឹងគ្នាចំនួន២ទៅ៣ខែមកហើយៗជារៀងរាល់ថ្ងៃអ្នកពីរទៅណាមកណាក៏ទៅជាមួយគ្នាដែរ សូម្បីតែផ្ទះជួលកន្លែងកើតហេតុ ក៏ជនរងគ្រោះជាអ្នកធានាជួល តភ្ជាប់ចរន្តអគ្គីសនី ទឹក និងទិញសម្ភារៈតុបតែងផងដែរ ប៉ុន្តែមិនដឹងមូលហេតុអីបានជាជនបរទេសបែរជាលើកដៃវាយទៅកើត។
មូលហេតុទាំងនេះគេសង្ស័យថា កើតឡើងពីស្នេហាត្រីកោណរវាងស្ត្រីជាប្រពន្ឋជនបង្ក និងបុរសជនរងគ្រោះជាជនជាតិខ្មែរ ព្រោះនៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញស្ត្រីជាប្រពន្ធជន បង្កមានភាពស្និទ្ធស្នាលជាមួយជនរងគ្រោះណាស់ ប៉ុន្តែនេះគ្រាន់ជាការសង្ស័យតែប៉ុណ្ណោះ ឯរឿងរ៉ាវយ៉ាងណានោះគ្មាននណាម្នាក់បានដឹងក្រៅអំពីជនរងគ្រោះនោះទេ៕