ភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ នៅតាមផ្លូវលេខ១៨២កែងផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខតាកែវ1F.1393 បើកតាមផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ចំណែកភាគីម្ខាងទៀងបើកម៉ូតូម៉ាហុងដាស្កូបពី ពាក់ស្លាកលេខភ្នំពេញ1AS.8209 បើកតាមផ្លូវលេខ២៦៥ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុម៉ូតូទាំងពីគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលអ្នកបើកម៉ូតូស្កូបពីសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូសេ១២៥ បានរងរបួសបែកមុខហូរឈាមស្រោចខ្លួន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅ គ្លីនិកឃឹមរ៉ានី រីឯជនរងគ្រោះម្នាក់ទៀតមិនបានឡើងរថយន្តសង្គ្រោះនោះទេ បានបើកម៉ូតូរបស់មិត្តភក្តិចេញពីកន្លែងកើតហេតុបានបន្តិចបានដួល ម៉ូតូម្តងទៀងបណ្តាលឲ្យរងរបួសហូរឈាមតាមត្រចៀកបន្ថែមទៀត ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅគ្លីនិកឃឹមរ៉ានី។
ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាជាក្រោយ ៕