ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចមុខវត្តឧណ្ណាឡោម ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ។ ជនសង្ស័យ២នាក់ ប្រើកាំបិតមួយ និងកាំភ្លើងខ្លីមួយដើមភ្ជុងប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមមួយ គ្រឿង និងទូរស័ព្ទម៉ាកសាំសុង ពីសង្សារ មួយគូ ដែលអង្គុយសាសងគ្នាទាំងកណ្ដាលយប់ស្ងាត់ រួចក៏ជិះរត់គិចខ្លួនបាត់យ៉ាងសុវត្ថិភាព។
ជនរងគ្រោះខាងប្រុសឈ្មោះ លី ខាង អាយុ១៨ឆ្នាំ សព្វថ្ងៃស្នាក់នៅក្នុងសង្កាត់ជ្រោយចង្វារ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ២I-២០២៥។ ចំណែកនារីជាសង្សារឈ្មោះ ចន់ ធា អាយុ៣១ឆ្នាំ ជាម្ចាស់ទូរស័ព្ទដៃ ម៉ាកសាំសុង ពណ៌ស។
ពួកគេកំពុងអង្គុយនិយាយគ្នានៅចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូស្មាកមួយគ្រឿង ឈប់ពីចំងាយរួចជនសង្ស័យ២នាក់ ដើរទៅមើលមុខហើយទៅហួសមួយសន្ទុះក៏ត្រឡប់មកវិញ ជនសង្ស័យដកកាំភ្លើងមកភ្ជង់ក្បាលប្រុសស្នេហ៍ និងដកកាំបិតមកគមំរាមឲ្យប្រគល់សោរម៉ូតូ និងទូរស័ព្ទដៃចេញមក។ តែជនរងគ្រោះហាក់ដូចជាមិនចង់ប្រគល់ឲ្យទេ តែជនសង្ស័យម្នាក់ពាក់ស្នប់ដៃ ហើយវាយទៅលើជនរងគ្រោះខាងប្រុសមួយដៃចំក្បាលផ្នែកខាងក្រោយ បណ្ដោលជនរងគ្រោះបែកក្បាលដួល ទើបជនសង្ស័យលូកយកសោរម៉ូតូពីហោរប៉ៅ។ ឃើញដូចនេះខ្លួនក៏ប្រគល់ទូរស័ព្ទដៃឲ្យទៅជនសង្ស័យ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ ស្រមោលឈឹង៕