កណ្តាល ៖ បើតាមសេចក្តីរាយការណ៍ពីក្រុមឈ្មួញរកស៊ីឈើមួយក្រុមបានឲ្យដឹងថា បច្ចុប្បន្ននៅតាមដងផ្លូវ ជាតិមានក្រុមឈ្មួញរកស៊ីឈើប្រណីតខុសច្បាប់ កំពុងតែសំរុកធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីខេត្ត កណ្តាល ជាពិសេសផ្លូវជាតិលេខ២លេខ៣និងលេខ 21B ឆ្ពោះទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងដោយគ្មានរំខាន
ដល់អាជ្ញាធរឬសមត្ថកិច្ចណាម្នាក់ទេ ពិសេសគឺលោកអ៊ុង ដារ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងតាខ្មៅខេត្ត កណ្តាលតែម្តង។
ក្រុមឈ្មួញរកស៊ីឈើប្រណីតខុសច្បាប់ធំៗនោះ គេសង្កេតឃើញភាគច្រើនដោយមានការឃុបឃិតជាមួយមន្ត្រី មានអំណាចធំៗ ទើបពួកគេរកស៊ីឈើប្រណីតនេះ ដោយធ្វើសកម្មភាពដឹកជញ្ជូនឆ្លងកាត់់ទឹកដីខេត្ត កណ្តាលយ៉ាងរលូនឆ្ពោះទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវគោកនិងតាមផ្លូវទឹកយ៉ាងអនាធិបតេយ្យ បែបនេះ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ុង ដារ៉ា បានឡើងកាន់តំណែងជានាយសង្កាត់ រដ្ឋបាលព្រៃឈើក្រុងតាខ្មៅ ខេត្តកណ្តាលនេះមក គេសង្កេតឃើញលោកអ៊ុង ដារ៉ា មិនដែលបានដឹកនាំ កំលាំងចុះបង្ក្រាបរាល់បទល្មើសរបស់ក្រុមឈ្មួញ រកស៊ីឈើប្រណីតខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងផ្លូវ ជាតិលេខ២លេខ៣និង
លេខ21B នេះបានម្តងណាឡើយ គឺគេឃើញតែលោកអ៊ុង ដារ៉ា ធ្វើសកម្មភាពពង្រាយកំលាំង ចល័តដាក់កុងត្រូលជជុះតាមដងផ្លូវជាតិដូចខាងលើនេះចាំស្ទាក់ ប្រដេញចាប់ឃាត់ឲ្យចូលបង់លុយដល់ពួកគេ តែប៉ុណ្ណោះ។
សូម្បីតែប្រជាពលរដ្ឋទៅទិញឈើយកមកធ្វើផ្ទះបន្តិចបន្តួច ដឹកជញ្ជូនតាមរ៉ឺម៉កម៉ូតូក៏ត្រូវលោក អ៊ុង ដារ៉ា បញ្ជាឲ្យកូនចៅគេប្រចាំការតាមកុងត្រូលជជុះនោះ ចាប់ឃាត់ឲ្យចូលបង់លុយដោយគិតក្នុង១ម៉ែត្រគូប ចំនួន៥ម៉ឺនរៀល ចំណែករ៉ឺម៉កម៉ូតូដឹកជញ្ជូនធ្យូងលក់ត្រូវបង់ក្នុង១រ៉ឺម៉កចំនួន១០ម៉ឺនរៀល ដោយមិនអាចរំលង ភ្នែកនិងអំណាចរបស់លោកអ៊ុង ដារ៉ា បានទេ។
ពាក់ព័ន្ធការរិះគន់និងចោទប្រកាន់ខាងលើនេះ លោកអ៊ុង ដារ៉ា មិនត្រូវបានកាសែតអរិយធម៌ ព្យាយាមសុំការបំភ្លឺបានទេ៕
ដោយ៖ ដាំ ជា