ភ្នំពេញ៖ លោក យ៉ែម ជ្រិន ជាគ្រូពេទ្យម្នាក់ ប្រចាំនៅឃុំរកា ស្រុកសង្កែ ខេត្ត ដែលអ្នកភូមិសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ បានមកផ្តល់ព័ត៌មាន ជូនស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងហើយ ខណៈពេលពេលនេះ សមត្ថកិច្ច កំពុងសួរព័ត៌មាន។
លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃ ព្រហស្បត្តិ៍នេះថា សមត្ថកិច្ចពុំទាន់ធ្វើការចោទប្រកាន់ ទៅលើគ្រូពេទ្យនេះ នៅឡើយទេ ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់។ លោកបានបន្ថែមថា នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបងនេះ មិនមែនមានតែ គ្រូពេទ្យប្រចាំភូមិតែលោក យ៉ែម ជ្រិន ម្នាក់នោះទេ នៅមាន២-៣នាក់ទៀត ដែលបានចាក់ថ្នាំឱ្យប្រជាពលរដ្ឋ។ លោកស្នើសុំឱ្យអ្នកសារព័ត៌មាន កុំទាន់ប្រញ៉ាប់ ដាក់ការសង្ស័យធ្ងន់ ទៅលើលោក យ៉ែម ជ្រិន លឿនពេក។
សូមជំរាបថា តាមតួលេខចុងក្រោយមួយដែលបង្ហាញដោយ មន្ត្រីមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនពលរដ្ឋ ដែលមក ពិនិត្យឈាមរកមេរោគអេដស៍ នៅមណ្ឌលសុខភាពឃុំរការ បានកើនដល់៨៩៥នាក់ ក្នុងនោះ មានពលរដ្ឋ ១០៦នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍៕