បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ដ បន្ទាយមានជ័យ និងកម្លាំងនគរបាលក្រុង ប៉ោយប៉ែតនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ បានឃាត់ខ្លួនមុខសញ្ញា ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ចំនួន៤នាក់ ក្នុង នោះស្រី២នាក់ និងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីនអាយស៍ (ម៉ាទឹកកក) ចំនួន៣៨កញ្ចប់តូច ។
ប្រតិបត្ដិការតាមបង្ក្រាបនិងចាប់ខ្លួនជន សង្ស័យទាំង៤នាក់ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែធ្នូ ស្ថិតនៅខាងក្រោយ វត្ដម៉ុងចិន ភូមិគីឡូ ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ក្នុងនោះស្រីពីរនាក់ផងដែរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ៣៨កូនថង់តូច ។
ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះហុក ស្រៀង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត នៅ ភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ហើយបច្ចុប្បន្នស្នាក់នៅភូមិ បាលិលេយ្យ២ សង្កាត់-ក្រុង ប៉ោយប៉ែត ។ ទី២ ឈ្មោះសំ សុផាត ហៅរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខ របរបុគ្គលិកកាស៊ីណូ ស្រុកកំណើតនៅខេត្ដ កំពង់ស្ពឺ ហើយបច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ទី៣ ឈ្មោះវិន ម៉ាឡា ភេទស្រី អាយុ២៦ឆ្នាំ មុខ របរជានារីបម្រើនៅខារ៉ាអូខេ ប៉ោយ ប៉ែតផាស មានស្រុកកំណើត នៅភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅហើយបច្ចុប្បន្នស្នាក់នៅក្រុងប៉ោយប៉ែត និងទី៤ ឈ្មោះរត្ន័ បញ្ញា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនារីបម្រើនៅខារ៉ាអូខេ CVR ស្រុកកំណើតនៅភូមិ ឃុំចង្ហា ស្រុកអូរជ្រៅ ហើយបច្ចុប្បន្នស្នាក់នៅក្រុង ប៉ោយប៉ែត ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបាន យកទៅសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យ ប្រឆាំង គ្រឿងញៀន ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់៕