កណ្តាល ៖ នៅព្រំដែនវៀតណាមច្រកទ្វារជ្រៃធំ ស្រុកកោះធំ គេបានឃើញមានកាណូតទូក ឡានជាច្រើន គ្រឿងបានលួចដឹកទំនិញគេចពន្ធជារៀងរាល់ថ្ងៃ ឆ្លងកាត់មុខសមត្ថកិច្ចគយច្រកទ្វារជ្រៃធំ ដោយរលូនដូចសត្វ កុកហើរលើមេឃ។
ទំនិញគេចពន្ធទាំងនោះមានដូចជាទំនិញចាប់ហួយ គ្រឿងទេស មេស្រា ថ្នាំបំពុលសត្វ ថ្នាំកសិកម្ម ថ្នាំពេទ្យ សំរាប់ព្យាបាលមនុស្សនិងសត្វ ព្រមទាំងមច្ឆជាតិផង។ ចំណែកសមត្ថកិច្ចគយមិនបានធ្វើការបង្ក្រាបទេ គេ សង្ស័យថា បានទទួលសំណែនពីក្រុមឈ្មួញទាំងនោះ ហើយមើលទៅ។ ក្រៅពីទំនិញគេចពន្ធគេក៏បានឃើញ ក្រុមឈ្មួញបាន
ដឹកជញ្ជូននូវសត្វមាន់ទា គ្រោងឆ្អឹងមាន់ ជង្គង់មាន់ ក្បាលមាន់ ដែលខូចគុណភាពនាំចូល តាមច្រករបៀង ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ជារៀងរាល់យប់ ចេញតាមផ្លូវវត្តព្រែកស្បូវ ដោយតាមផ្លូវនោះ មានសមត្ថកិច្ចគយនិងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត បានឈរជើងនៅទីនោះ ហើយគ្មានបានធ្វើការបង្ក្រាបអ្វីឡើយ ។
គេនិយាយថា បើមន្ត្រីគយអន់ ចុះប៉ូលិសសេដ្ឋកិច្ចខេត្តនិងក្រសួង ហេតុអ្វីក៏មិនចាប់ពួកឈ្មួញទាំងនោះ? នេះ មានន័យថា ពួកអស់លោកកំពុងតាំងខ្លួនជាសត្វមាន់ពងលើស្រូវហើយ។ នៅមានរឿងអាស្រូវជាច្រើនទៀតដែល លោកមួង ដារ៉ា បានប្រព្រឹត្ត។ ដូច្នេះសូមលោកមេគយថ្នាក់លើមើលផង។
ចំណែកទំនិញនាំចេញទៅប្រទេសវៀតណាម មានដូចជាឈើប្រណីតនិងសត្វព្រៃគ្រប់ប្រភេទ ត្រូវបានក្រុមឈ្មួញ ទុច្ចរិតរកស៊ីដឹកជញ្ជូននាំចេញទៅប្រទេសវៀតណាមយ៉ាងរលូនផងដែរ ដោយមិនមានសមត្ថកិច្ចជំនាញ ណាម្នាក់ធ្វើការបង្ក្រាបអ្វីទេ៕
ដោយ៖ ដាំ ជា