បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុ ដោយរងការកាប់ជាច្រើនកន្លែង បន្ទាប់ពីបក្ខពួកក្មេងទំនើង២ក្រុម បានស្ទាក់ប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា យ៉ាងសាហាវ កាលពីម៉ោងប្រមាណជា ៨ យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅតាមផ្លូវលំមួយ ស្ថិតក្នុងមណ្ឌល៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ កម្លាំងសមត្ថកិច្ចចំរុះ ប៉ូលិស ប៉េអឹម បានត្រូវបញ្ជូនទៅទីកើតហេតុ ក្នុងនោះប៉ូលិស បានឃាត់ខ្លួនមនុស្សម្នាក់។ ឯប៉េអឹម បានឃាត់ខ្លួនមនុស្ស ៣ នាក់។
ជនរងគ្រោះ មានឈ្មោះ ឆាយ ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះ រងរបួសធ្ងន់ច្រើនកន្លែង ហើយបានស្លាប់ តាំងពីមុនសមត្ថកិច្ចទៅដល់ ព្រោះពលរដ្ឋដឹងហេតុការណ៍ បានផ្តល់ព័ត៌មានយឺតបន្តិច។ គេឃើញស្នាមដែលរងនឹងការកាប់ដោយកាំបិតចុងស្រួច-ង លើជនរងគ្រោះ ត្រង់ស្លាបប្រចៀវស្តាំ ត្រចៀកឆ្វេង ដើមទ្រូងឆ្វេងស្តាំ…។ ជនរងគ្រោះ ស្លាប់ក្នុងថ្លុកឈាម។ កម្លាំងសមត្ថកិច្ចចំរុះ បានប្រមូលវត្ថុតាងបានមួយចំនួន។ ហើយប៉េអឹមឃាត់ខ្លួនមនុស្ស ៣នាក់មកសួរនាំ ក្នុងនោះមានបក្ខពួកជនរងគ្រោះផងដែរ។ ឯប៉ូលិស ឃាត់មនុស្សម្នាក់ដែរ។
នៅយប់នោះ គេឃើញព្រះរាជអាជ្ញារង ផាន់ ភិរម្យ និងកម្លាំងពាក់ព័ន្ធជាច្រើន បានចុះទៅទីកើតហេតុ បន្ទាប់ពីជនទំនើង ២ ក្រុម ដេញកាប់ចាក់គ្នា លើដងផ្លូវលំក្នុងភូមិ។ សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរឿងនេះទៀត៕