ភ្លើងសង្គ្រាមមហាវិនាសកម្ម ដែលបានឆាបឆេះប្រទេសកម្ពុជា ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តមសីហនុ ចេញពីអំណាច កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០ រហូតធ្វើឲ្យប្រជាពលរដ្ឋខ្មែរធ្លាក់ចុះក្នុងរបប វាលពិឃាតខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រឡប់ទៅរកភ្លើងសង្គ្រាម វិញ ក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែររស់រានមានជីវិតជាលើកទី២នោះ ខ្មែរនៅតែបង្ហូរ ឈាមនឹងខ្មែរគ្នាឯងយូរអង្វែងទៅមុខទៀតដោយគ្មានទីបញ្ចប់។
ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងសន្និសីទក្រុងប៉ារីស ថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ ភាគីជម្លោះខ្មែរនាំគ្នាទៅរកតុចរចា ក៏បាននាំមកវិញនូវសុខសន្តិភាពជាបណ្តើរៗ រហូតដល់ពួកខ្មែរក្រហមក្បាលរឹង នៅតំបន់អន្លង់វែង ត្រូវវិនាសសាបសូន្យដោយស្នាដៃមេដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសជាតិយើងទទួលបានសុខសន្តិភាពទាំងស្រុង។
ប៉ុន្តែជាអកុសល ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី១ បាន៤ឆ្នាំ ដោយសារគណបក្ស ធំទាំង២ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា មានជម្លោះបែកបាក់ក្នុងរដ្ឋាភិបាលចម្រុះ ហើយ មិនចេះរកវិធីដោះស្រាយតាមការចរចា ក៏មានព្រឹត្តិការណ៍បង្ហូរឈាមគ្នាកណ្តាលរាជធានីភ្នំពេញ នៅថ្ងៃទី៥-៦ ខែកក្កដាឆ្នាំ១៩៩៧។
ចាត់ទុកថា សំណាងល្អដែរ នៅពេលនោះ ព្រោះគណបក្សហ្វ៊ុនស៊ិនប៉ិច អាចតស៊ូទប់ទល់បានតែ២ថ្ងៃ ក៏ត្រូវ បាក់ទ័ពរត់បែកខ្ញែកគ្នាអស់ ធ្វើឲ្យការបង្ហូរឈាមគ្នានោះកើតឡើងតែក្នុងរយៈពេលមួយចំអិកំពិសប៉ុណ្ណោះ ក៏ ត្រូវបញ្ចប់ទៅវិញ។
លុះក្រោយលទ្ធផលបោះឆ្នោតអាណត្តិទី២ ឆ្នាំ១៩៩៨ ដែលមានគណបក្សនយោបាយដល់ទៅ៣៩ចូលរួម នោះ មានគណបក្សចំនួន១៤ ក្រោមការដឹកនាំរបស់ សមរង្ស៊ី បាននាំគ្នាធ្វើបាតុកម្មនៅលើសួនច្បារមុខរដ្ឋសភា ទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញពីអំណាចទៅវិញ។
ពេលនោះ បើទោះបីមានបាតុកម្មយ៉ាងណា ក៏នៅថ្ងៃទី១ខែកញ្ញា គ.ជ.ប នៅតែប្រកាសលទ្ធផលនៃការបោះ ឆ្នោតជាផ្លូវការថា គណបក្សប្រជាជនកម្ពុជាបាន៦៤អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន៤៣អាសនៈ និងគណបក្សសមរង្ស៊ី បាន១៥អាសនៈ។
ឯសកម្មភាពបាតុកម្មនៅតែបន្តទៀតកាន់តែធំឡើងៗ។ ប៉ុន្តែនៅយប់ថ្ងៃទី៧ ខែកញ្ញា កម្លាំងប៉ូលិសបានបង្ក្រាបបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។ លុះដល់ថ្ងៃទី៨ខែកញ្ញា បាតុកម្មបោះជំរំនៅមុខរដ្ឋសភាក៏ត្រូវរត់ចែកផ្លូវគ្នាអស់ដែរ។
តាមរយៈបទពិសោធន៍ពីរឿងធ្វើបាតុកម្មកន្លងមកនោះសួរថា តើគណបក្សប្រឆាំងរកអាចដំណោះស្រាយ នយោបាយបានដែរឬទេ? គឺបានត្រឹមតែនាំអ្នកគាំទ្រខ្លួន ខាតបង់ពេលវេលានិងរងគ្រោះថ្នាក់តែប៉ុណ្ណោះ។ កាល ធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតឆ្នាំ១៩៩៨ គឺមានត្រឹមតែកម្លាំងសមត្ថកិច្ចប៉ូលិសដែលភាគច្រើន មានតែខែលនិងដំបងប៉ុណ្ណោះ។ ប៉ុន្តែក្រោយពេលដែលមេបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣នេះ មានការចល័តកងទ័ពមានរថពាសដែកចូលមកត្រៀមទុកជាស្រេចទៅហើយ ព្រោះការពារខ្លាចមានអំពើហិង្សាណាមួយកើតឡើងជាយថាហេតុ។
ប្រសិនបើមហាបាតុកម្មដែលគ្រោងធ្វើនោះ វាក្លាយទៅជាអំពើហិង្សាឬជាអំពើលួចប្លន់នៅតាមហាងលក់ទំនិញ នានាឬមានការវាយសម្លាប់ទៅលើកម្លាំងសមត្ថកិច្ចនោះសួរថា តើអ្វីវានឹងត្រូវកើតឡើងនៅពេលនោះ? និយាយ ឲ្យចំគឺមានតែការបង្ហូរឈាមគ្នាតែប៉ុណ្ណោះ។ ដូច្នេះដើម្បីស្វែងរកដំណោះស្រាយនយោបាយ គេមិនត្រូវបើក យុទ្ធនាការធ្វើមហាបាតុកម្មដូចមេបក្សប្រឆាំងគ្រោងឡើងនោះទេ ផ្ទុយទៅវិញគឺមានតែការជួបចរចាគ្នា ដើម្បី ដោះស្រាយបញ្ហាទើបខ្មែរបានសុខ៕ ដោយ៖ ម៉ារីណា