ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, វិភាគ​នយោបាយ » មិន​ឲ្យ​ចាត់វិធានការ​ទប់ទល់​ម្តេច​នឹង​កើត

មិន​ឲ្យ​ចាត់វិធានការ​ទប់ទល់​ម្តេច​នឹង​កើត

មតិ​មួយចំនួន​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការប្រកាស​ញុះញង់​របស់ សមរង្ស៊ី និង កឹម សុខា ថា​ប្រមូល កម្លាំង​ធ្វើ​មហា​បាតុកម្ម ដើម្បី​ទម្លាក់​សម្តេច ហ៊ុន សែន ចេញពី​អំណាច បន្ទាប់ពី​អួតអាង​ថា គណបក្ស​សង្គ្រោះជាតិឈ្នះឆ្នោត​។​

ការព្រួយបារម្ភ​នេះ ពិតជា​មិន​ខុស​ទេ ព្រោះ​ធម្មតា​ច្បាប់​នៅក្នុង​ប្រទេស​យើង គឺ​មានតែ​ច្បាប់​ធ្វើបាតុកម្ម​ប៉ុណ្ណោះ  ពោលគឺ​បើ​ប្រជាពលរដ្ឋ​ឬ​កម្មករ​កម្មការិនី មាន​សិទ្ធិ​សុំច្បាប់​ធ្វើបាតុកម្ម ប្រសិនបើ​ខ្លួន​មិន​ពេញចិត្ត​ពី​បញ្ហា​អ្វីមួយ ចំពោះ​រដ្ឋាភិបាល​ក្តី ចំពោះ​ថៅកែ​រោងចក្រ​ក្តី​។ ប៉ុន្តែ​ពេលឮ​សមរង្ស៊ី​និង​កឹម​សុខា ប្រកាសថា ធ្វើ​មហា​បាតុកម្ម បែបនេះ នរណា​មិន​ភ្ញាក់ផ្អើល ព្រោះ​ពាក្យ​ថា មហា​បាតុកម្ម​នេះ សូម្បីតែ​នៅក្នុង​ច្បាប់​ក៏​គ្មាន​បាន​ចែង​ពាក្យ​ថា មហា​បាតុកម្ម​ដែរ គឺមាន​តែ​នៅក្នុង​សម័យ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ប៉ុលពត ដែល​តែងតែ​ស្រែកថា «​មហាអស្ចារ្យ មហា​រុងរឿង​និង​មហាលោតផ្លោះ​»​។​

ធម្មតា​ទេ ទោះបី​នៅក្នុង​របប​គ្រប់គ្រង​បែប​កុ​ម្មុយ​និ​ស្ត​ក្តី ឬ​ក្នុង​របប​គ្រប់គ្រង​បែប​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស នោះ​ក្តី គឺ​រដ្ឋាភិបាល​នៃ​របប​នោះ ត្រូវតែមាន​កាតព្វកិច្ច​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ឲ្យ​មាន​របៀប​រៀប រយ​។ យ៉ាងណាមិញ រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចគ្នា​នោះដែរ ត្រូវតែ​ចាត់វិធានការ​រក្សា​សន្តិសុខ សុវត្ថិភាព​ដល់ សង្គមជាតិ​។

ប្រសិនបើ​ឮ សមរង្ស៊ី និង កឹម សុខា ប្រកាសថា «​ធ្វើ​មហា​បាតុកម្ម​ទម្លាក់​មេដឹកនាំ​គណ​បក្ស​​ឈ្នះ ឆ្នោត​ឲ្យ​ចុះ​ចេញពី​អំណាច​»​ហើយ​នោះ រដ្ឋាភិបាល​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ទប់​ទល់នឹង​ហេតុការណ៍​អាក្រក់ណាមួយ​ដែល​វា​អាច​កើតឡើង​ជាយថាហេតុ​។

ប្រសិនបើ​នៅ​សុខៗ គ្មាន​ការប្រកាស​ធ្វើ​មហា​បាតុកម្ម​អ្វី​នោះ ក៏​វា​មិនមាន​ការពង្រាយ​កម្លាំង​ឬក៏​មានការ​ចល័ត កងទ័ព​ខ្លះ​ដូច​ពេល​នេះដែរ​។ ចំពោះ​គម្រោង​ធ្វើ​មហា​បាតុកម្ម​នេះ វា​មិនមែនជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាននៅ ក្នុងសង្គម​ខ្មែរ​យើង​នោះទេ​។ កាល​ក្រោយ​​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​២ ឆ្នាំ ១៩៩៨ គណ​បក្ស​សមរង្ស៊ី​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់ធ្វើ​បាតុកម្ម​នៅលើ​ទីធ្លា​សួនច្បារ​មុខ​រដ្ឋសភា​ចាស់​ម្តង ហើយ​ទេតើ​! សួរថា តើ​បាតុកម្ម​បែប​អនាធិបតេយ្យ​នាពេលនោះ​នរណា​ជា​អ្នក​ឈ្នះ​? នរណា​ជា​អ្នកចាញ់​? នរណា​ជា​អ្នករងគ្រោះ​? នរណា​ជា​អ្នកទទួល​ផលចំណេញ​?

ក្រោយពី​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ មិនទាន់បាន​ប៉ុន្មាន​សប្តាហ៍​ផង សមរង្ស៊ី​ក៏ដូចជា សម្តេចក្រុមព្រះ​ដែរ នាំគ្នា​ចូលប្រជុំ​សភា​ធ្វើ​មិនដឹង ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ក្រោយ​លទ្ធផល​នៃ​ការ បោះឆ្នោត​នោះ​ទៅវិញ​។​

ដូច្នេះ​យើង​គួរ​ពិចារណា​ថា ពេលនេះ សមរង្ស៊ី​និង​កឹម សុខា ដែល​គំរាម​ធ្វើ​មហា​បាតុកម្ម​នោះ តើ​ធ្វើបាតុកម្ម ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត ឬមួយ​ធ្វើ​មហា​បាតុកម្ម​ទម្លាក់​សម្តេច ហ៊ុន សែន ដែលជា​មេដឹកនាំ​គណ បក្ស​ឈ្នះឆ្នោត មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​? បើ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត គឺ​វា​គ្រាន់តែ​ជា ប្រពៃណី​របស់​គណ​បក្ស​ប្រឆាំង ដែល​ចាញ់ឆ្នោត គ្មានអ្វី​ក្រៅពី​ស្រែក​ឡាំប៉ា​មួយរយៈ​សិន មុននឹង​ចូលប្រជុំ​សភា តែប៉ុណ្ណោះ​។ តែបើ​ធ្វើ​មហា​បាតុកម្ម​ទម្លាក់​មេដឹកនាំ​គណបក្ស​ឈ្នះឆ្នោត​មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​មែន​នោះ គឺមាន ន័យ​ថា ចង់​ធ្វើ​បដិវត្តន៍​ផ្កាម្លិះ​ដូច​នៅ​ប្រទេស​ទុយ​ណេ​ស៊ី​ឬ​យ៉ាងដូចម្តេច​?

កាលពីពេល​និរទេស​ខ្លួន សមរង្ស៊ី ធ្លាប់​ប្រកាស​ពី​ចម្ងាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងើបឡើង​បះបោរ​ធ្វើ​បដិវត្តន៍​ផ្កាម្លិះ ផ្តួលរំលំ​សម្តេច​ហ៊ុន សែន ដែរ ហើយ​ថ្មីៗ​នេះ​ស្រែក​ប្រកាស​ឲ្យ​កងទ័ព​និង​ប៉ូលិស​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នោះ ទៀតផង​។ បើ សមរង្ស៊ី​និង កឹម សុខា ឡើង​ចាង អុង​អាត់ គ្មាន​ស្គាល់​ច្បាប់​យ៉ាងហ្នឹងៗ តើ​មិន​ឲ្យ​រដ្ឋាភិបាល ប្រុងប្រយ័ត្ន ចាត់​វិធានការ​ការពា​រ​ទប់ទល់​ម្តេច​នឹង​កើត​?៕ ដោយ​៖ ម៉ា​រី​ណា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya