ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ​

កម្មករ​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ​

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១៦ ធ្នូ ថា ដោយសារ​មាន​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ពី​សំណាក់​អ្នកបើកបរ កម្មករ​កើប​និង​បោស​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​តាំងពី​ថ្ងៃទី​១៥ ធ្នូ មក ធ្វើឱ្យមាន​ការខកខាន​ប្រមូល​សំរាម​នៅតាម​ផ្លូវ និង​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។  ដោយសារតែ​ក្រុមហ៊ុន​កំពុង​ចរចា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នកបើកបរ និង​កម្មករ​នោះ ធ្វើឱ្យ​គំនរ​សំរាម​ត្រូវបាន​ពង្រាយ​នៅតាម​ផ្លូវ​នានា​គ្រប់​ច្រកល្ហក ។​
​យោងតាម​ការប្រកាសរ​បស់​សាលា​រាជធានី​ថា អាជ្ញាធរ​គ្រប់​ខណ្ឌ ក៏​បាននិងកំពុង​ប្រើប្រាស់​រថយន្ត និង​កម្លាំង​សន្តិសុខ​ខណ្ឌ​កើប​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​ទៅ​ដាក់​នៅ ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ ។ កូដកម្ម​ស្រដៀង​គ្នា​នេះ​របស់​ក្រុម​អ្នកបើកបរ និង​កម្មករ​កើប​និង​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ក្នុង​ឆ្នាំ ២០១៤​នេះ បាន​កើតមាន​ចំនួន​៣​លើក​ហើយ​ទាំង​លើក​នេះ ដែល​លើក​ទី​១ នៅ​ខែកុម្ភៈ និង​លើក​ទី​២​នៅ​ខែកក្កដា ដោយ​ទាមទារ​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​មួយចំនួនទៀត ។ កន្លងមក ភាគី​ក្រុមហ៊ុន​បានផ្តល់​ដំណោះស្រាយ​ដល់​បុគ្គលិក​ដោយ​ផ្តល់ប្រាក់ ឧបត្ថម្ភ​ទៅតាម​ប្រភេទ​នៃ​ការងារ ដូចជា អ្នក​កើប​សម្អាត និង​ប្រមូល​សំរាម​បានទទួល​៥​ដុល្លារ បុគ្គលិក​កើប​សំរាម​ទាំង​ថ្ងៃ​និង​យប់​ទទួលបាន​១០​ដុល្លារ ហើយ​អ្នកបើករថយន្ត​និង​ផ្នែក​ជាង​ទទួលបាន​៥​ដុល្លារ ។​
​រហូតមកដល់​ពេលនេះ បុគ្គលិក​ប្រមូល​សំរាម​ទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី​៩៥​ដុល្លារ ទៅ​១១៥​ដុល្លារ និង​អ្នកបើករថយន្ត និង​ជាង​ជួសជុល​ទទួលបាន​ចាប់​ទី​១២០​ដុល្លារ​ទៅ​១៥០​ដុល្លារ តាម​វេន​យប់ ឬ​វេន​ថ្ងៃ ។​
​ក្រុមហ៊ុន​ស៊ីន​ទ្រី ជា​សាខា​មួយ​នៃ​សហគ្រាស​កាណាដា ដែលមាន​ឈ្មោះថា ស៊ីន​ទ្រែ​ក និង​ទទួលបាន​សិទ្ធិផ្តាច់មុខ​លើ​ការប្រមូល​សំរាម​នៅក្នុង​រាជធានី ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​២០០២​មក បន្ទាប់ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់រ​យៈ​ពេល​៤៩ ឆ្នាំ ។ ក្រុម​អ្នកបើកបរ​រថយន្ត និង​កម្មករ​ប្រមូល សំរាម បោស​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមាណ​១​ពាន់​នាក់ មិន​បានចេញ​ប្រមូល​សំរាម និង​បោស​សំរាម​រយៈពេល​២​ថ្ងៃ​ហើយ ដោយ​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៦​ចំណុច ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៥ ធ្នូ និង​ថ្ងៃទី​១៦ ធ្នូ​បាន​ប្រមូល​ផ្ដុំគ្នា​ប្រមាណ​១០០​នាក់​នៅ​ទីស្នាក់ការ​ក្រម​ហ៊ុន ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​
​ក្រុមកម្មករ​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​ប្រមាណ​១​ពាន់​នាក់ ចែកចេញជា​២​វេន ក្នុងនោះ មាន​វេន​យប់​និង​វេន​ថ្ងៃ ហើយ​ការធ្វើ​កូដកម្ម​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​នេះ គឺមាន​រយៈពេល​២​ថ្ងៃ​មកហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​៦​ចំណុច ក្នុងនោះ​រួមមាន ៖
១-​ក្រុម​អ្នកបើកបរ​រថយន្ត​ទាំង​វេន​យប់ និង​វេន​ថ្ងៃ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ផ្ដល់ប្រាក់​ឈ្នួល​ចំនួន​៣០០​ដុល្លារ ក្នុង​១​ខែ​
២-​កម្មករ​កើប​សំរាម​វេន​ថ្ងៃ​ទាមទារ​ប្រាក់​ឈ្នួល​ចំនួន​១៥០​ដុល្លារ ក្នុង​១​ខែ
៣-​កម្មករ​កើប​សំរាម​វេន​យប់ ទាមទារ​ប្រាក់​ឈ្នួល​ចំនួន​១៧០​ដុល្លារ ក្នុង​១​ខែ
៤-​កម្មករ​បោស​សំរាម ទាមទារ​ប្រាក់​ឈ្នួល ចំនួន​១៣០​ដុល្លារ ក្នុង​១​ខែ​
៥- ក្រុម​អ្នកបើកបរ​រថយន្ត កម្មករ​ផ្នែក​កើប​និង​ផ្នែក​បោស ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​លុយ​បាយ​ថ្ងៃត្រង់​ចំនួន​៣.០០០​រៀល​ជា​រៀងរាល់ថ្ងៃ ក្នុង​ម្នាក់​
៦-​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ការ​ស្នាក់​នៅក្នុង​ម្នាក់ៗ​ចំនួន​៣០​ដុល្លារ​ក្នុង ១​ខែ ។​
​ក្រុម​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ខែ​មុន ពួកគាត់​បាន​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ជា​បន្តបន្ទាប់ ហើយ​ថៅកែ​ក្រុមហ៊ុន​បាន​ដំឡើង​ឲ្យ​ខាង​ក្រុម​អ្នកបើកបរ​រថយន្ត​ត្រឹម​១៣០ ដុល្លារ ចំណែក​កម្មករ​ផ្នែក​កើប និង​បោស​សំរាម ត្រឹម​៩០​ដុល្លារ​ប៉ុណ្ណោះ​។ ពេលនេះ ដោយសារតែ​ប្រាក់​ឈ្នួល​នោះ​មិនអាច​ទប់ទល់​ទៅនឹង​ការចំណាយ​ប្រចាំថ្ងៃ បាន ទើប​ពួកគាត់​ទាមទារ​សុំ​ឲ្យ​ថៅកែ​ដំឡើង​បន្ថែមទៀត ហើយ​បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទេ ពួកគាត់​មិន​ព្រម​បញ្ឈប់​ការតវ៉ា ហើយក៏​មិន​ចេញ​ប្រមូល​សំរាម​ដែរ ។ ទាក់ទិន​ទៅនឹង​ហេតុការណ៍​នេះ ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ដឹងថា កម្មករ​ក្រុមហ៊ុន​នេះ​ឧស្សាហ៍​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ ការងារ​ណាស់ ហើយ​ពេលធ្វើ​ម្ដងៗ​មិន​ងាយ​បញ្ចប់​ទៅវិញ​ត្រឹម​១​ថ្ងៃ ឬ​២​ថ្ងៃ​ណាស់ គឺ​ការដោះស្រាយ​មិន​ងាយ​ត្រូវ​គ្នា​ឡើយ ។ កន្លងមក បានអូសបន្លាយ​ពេល​ចាប់ពី​៣​ថ្ងៃ​ឡើងទៅ ទើប​ត្រូវរ៉ូវ​គ្នា​ដែល​ធ្វើ​ឲ្យ​សំរាម​គរ​នៅតាម​ផ្លូវ​សាធារណៈ ឬ​ទីប្រជុំជន​ស្អុយរលួយ ។​
​ដោយឡែក នៅពេលនេះ​មានការ​ចូលរួម​រក​ដំណោះស្រាយ​ពី​សំណាក់​មន្ត្រី​មកពី​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ខណ្ឌ រួមជាមួយ​តំណាង​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​តំណាង​កម្មករ​ផងដែរ ។ ប៉ុន្តែ​មិនបាន​លទ្ធផល​នោះឡើយ ហើយ​ក្រុមកម្មករ​បាន​បន្ត​ធ្វើកា​រត​វ៉ា​ទៀត និង​មិនទាន់​ដឹងថា ដល់​ពេលណា ទើប​អាច​ត្រូវរ៉ូវ​គ្នា​នោះឡើយ ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya