ពួកបះបោរតាលីបង់បានសម្រុកចូលសាលារៀនរបស់កងទ័ពមួយក្នុងប្រទេសប៉ា គីស្ថានកាលពីថ្ងៃអង្គារទី ១៦ ខែធ្នូ ឆ្នាំ ២០១៤ សម្លាប់មនុស្សយ៉ាងតិច ១៤១ នាក់ ក្នុងនោះស្ទើរតែទាំងអស់គឺជាកុមារ នៅក្នុងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមសាហាវបំផុតមិនធ្លាប់មាន ក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមវេបសាយបាងកកប៉ុស្តិ៍ ។
អ្នកឃើញហេតុការនិយាយថា ជនសកម្មប្រយុទ្ធចូលបន្ទប់មួយទៅបន្ទប់មួយ ដោយបាញ់ប្រហារកុមារអាយុខ្ទង់ ១២ ឆ្នាំអំឡុងការសម្លាប់ដ៏សាហាវរយៈពេល ០៨ ម៉ោងនៅសាលាសាធារណៈកងទ័ព (Army Public School) នៅភាគពាយ័ព្យទីក្រុងប៉េសាវ៉ា (Peshawar)។
អ្នកនាំពាក្យពួកតាលីបង់ម្នាក់បាននិយាយថា ក្រុមខ្លួនចង់ឲ្យប៉ាគីស្ថាន “មានអារម្មណ៍ឈឺចាប់” នៅពេលមនុស្សជាទីស្រឡាញ់ត្រូវបានសម្លាប់។
ការវាយប្រហារ ដែលអះអាងទទួលស្គាល់ដោយក្រុមតាលីបង់ប៉ាគីស្ថានថេរិកកេ (Tehreek-e-Taliban Pakistan -TTP) ដើម្បីជាការសងសឹកចំពោះការវាយលុកយោធាដ៏ធំក្នុងតំបន់នេះ ត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក UN និងបណ្តាប្រទេសមហាអំណាចលោកខាងលិច ក៏ដូចជាប្រទេសគូសត្រូវរបស់ប៉ាគីស្ថានដែរ គឺឥណ្ឌា។ រដ្ឋាភិបាល និង យោធាប៉ាគីស្ថានបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបំបាក់ពួក TTP ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ហើយចាប់តាំងពីក្រុមនេះ បានចាប់ផ្តើមការបះបោររបស់ខ្លួនក្នុងឆ្នាំ ២០០៧។
លោកឧត្តមសេនីយ៍ Asim Bajwa អ្នកនាំពាក្យ ប្រមុខកងទ័ព បាននិយាយថា សិស្សសាលា ១៣២ នាក់ និងបុគ្គលិក ០៩ នាក់ត្រូវបានសម្លាប់ និង ១២៥ នាក់បានរងរបួស។ ចំនួននេះគឺលើសពីចំនួនមនុស្ស ១៣៩ នាក់ ដែលត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងដែលផ្តោត គោលដៅលើអតីតនាយករដ្ឋមន្ត្រីលោក Benazir Bhutto ក្នុងទីក្រុងការ៉ាជីក្នុងឆ្នាំ ២០០៧៕