ភ្នំពេញ៖ ការបង្ហាញលទ្ធផលនៃការអង្កេតប្រជាសាស្ត្រកម្ពុជាបានប្រព្រឹត្តធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ សីហា ២០១៣ ក្រោមវត្តមានរបស់ លោក ឆាយ ថន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផែនការ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត។លោកស្រី ហង់ លីណា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញលទ្ធផលបណ្តោះអាសន្ននៃការអង្កេតប្រជាសាស្ត្រសម្រាប់ឆ្នាំ២០១៣ដោយរកឃើញថាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានចំនួន ១៤.៦៧៦.៥៩១នាក់។
អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបន្តថា យោងតាមលទ្ធផលបណ្តោះអាសន្ននៃការអង្កេតចន្លោះជំរឿនរបស់ប្រជារាស្ត្រកម្ពុជាឆ្នាំ ២០១៣ ឃើញថា ចំនួនប្រជាជនសរុបប្រហែល ១៤.៦៧៦.៥៩១នាក់ ក្នុងនោះមានប្រុសចំនួន ប្រហែល ៧.១២១.៥០៨នាក់ស្រីមានចំនួនប្រហែល ៧.៥៥៥.០៨៣នាក់»។ ដោយមានការផ្អែកលើលទ្ធផលនៃការអង្កេតនេះ វិទ្យាស្ថានជាតិស្ថិតិគ្រោងនឹងផលិតចេញនូវរបាយការណ៍វិភាគតាមប្រធានបទខ្លះទៀតដូចជា អត្រាលទ្ធភាពបង្កើតកូន មរណៈភាព ការផ្លាស់ទីលំនៅ ឬចំណាកស្រុក អក្ខរភាព និងកំរិតសិក្សាអប់រំ ការចូលរួមកម្លាំងពលកម្ម លំនៅឋាន និងការប្រើប្រាស់របស់គ្រួសារយេនឌ័រ និងការធ្វើចំណាទប្រជាជនជាដើម។
ទន្ទឹមនឹងនោះផងដែរ លោកបណ្ឌិត March Derveeuwតំណាងអង្គការ UNFPA ប្រចាំកម្ពុជាក៏បានលើកឡើងថាចាប់តាំងពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១៣ នេះ អត្រាកំណើនប្រជាជនសរុបប្រចាំឆ្នាំ មានកម្រិត ១,៤៦% រីឯនៅឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨ វិញ អត្រានេះមានកម្រិត ១,៥៤%។
លោកបណ្ឌិតបន្តទៀតថា ផ្អែកតាមលទ្ធផលនៃរបាយការណ៍អង្កេតឆ្នាំ២០១៣នេះចំនួនប្រជាជននៅតាមបណ្តាទីប្រជុំជនមាន ៣.១៤៦.២១២នាក់ ស្មើនឹង ២១.៤ភាគរយនៃចំនួនសរុបទូទាំងប្រទេស ចំណែកនៅឆ្នាំ២០០៨ មានចំនួន ២.៦១៤.០២៧នាក់ ស្មើនឹង១៩.៥ភាគរយ។
លោកបន្ថែមថា បើតាមផលធៀបភេទនៃចំនួនប្រជាជនបង្ហាញថា បុរសមានចំនួន ៩៤៣នាក់ក្នុងចំណោមស្ត្រីចំនួន ១.០០០នាក់ ហើយទិន្នន័យនេះនឹងនៅតែបន្តនៅពេលដែលមានប្រជាជនវ័យចំណាស់ចាប់ផ្តើមកើនឡើង។
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការបានលើកឡើងថា គោលបំណងនៃការធ្វើអង្កេតចន្លោះជំរឿនេះគឺផ្តល់នូវសូចនាករ ដែលបានធ្វើ បច្ចុប្បន្នភាព ទាក់ទងនឹងការប្រែប្រួលលក្ខណៈប្រជារាស្ត្រ ដែលមានគ្រួសារជ្រើសរើស គំរូចំនួន ២៨.៦៥០គ្រួសារ នៅក្នុងភូមិចំនួន ៩៥៥ ក្នុងចំណោមភូមិនៅទូទាំងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ការអង្កេតចន្លោះជំរឿននៃប្រជារាស្ត្រខ្មែរឆ្នាំ ២០១៣ នេះផ្តល់នូវទិន្នន័យមូលដ្ឋានគ្រឹះដែលមានការសំអាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍ និងការតាមដានត្រួតពិនិត្យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិលើគោលដៅអភិវឌ្ឍន៍សហវត្សកម្ពុជាផែនការវិស័យ និងផែនការវិមជ្ឈការ។
លោកក៏បានបញ្ជាក់ប្រាប់ថា តាមលទ្ធផលបណ្តោះអាសន្ននៃការអង្កេតចន្លោះជំរឿនប្រជារាស្ត្រ កម្ពុជាឆ្នាំ ២០១៣ បង្ហាញថា ចំនួនប្រជារាស្ត្រសរុបប្រហែល ១៤.៦៧៦.៥៩១ នាក់ ក្នុងនោះប្រុសមានចំនួនប្រហែល ៧.១២១.៥០៨ នាក់ ស្រីមានចំនួនប្រហែល ៧.៥៥៥.០៨៣ នាក់។ ចំនួនប្រជារាស្ត្រសរុបមានការកើនឡើងប្រមាណជាង១ លាននាក់ បើប្រៀបធៀបលទ្ធផលជំរឿនឆ្នាំ ២០០៨ មានចំនួន ប្រជារាស្ត្រសរុប ១៣៣៩៥៦៨២ នាក់ គិតជាភាគរយកើនឡើងប្រហែល ៨.៧% រយៈពេល៥ឆ្នាំក្រោយ។
គួរបញ្ជាក់ថា ទាក់ទាងនឹងការអង្កេតខាងលើនេះ គឺប្រើប្រាស់ថរិកាអស់ជាង២លានដុល្លារសហរដ្ឋអាមេរិក ធ្វើឡើង នៅខេត្តក្រុងចំនួន ២៤ទូទាំងប្រទេសកម្ពុជា ដោយចំណាយរយៈពេល ១០ថ្ងៃផងដែរដោយ មានការចូលរួមពីមន្ត្រីសម្ភាសន៍ចំនួន ៩៥៥នាក់ និងមន្ត្រីត្រួតពិនិត្យចំនួន ២៤០នាក់៕ ដោយៈ មករាតូច