ភ្នំពេញ ៖ សកម្មភាពជួញដូរ និងនាំខ្លួន នារីក្រមុំជនជាតិខ្មែរទៅលក់ និងរៀបការ ដោយខុសច្បាប់ នៅប្រទេសចិនតែងតែ កើតមានឡើង នៅកម្ពុជា បើទោះបីកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ធ្លាប់បានបង្ក្រាប និងចាប់ ខ្លួន មុខសញ្ញាជួញដូរ និងរកស៊ីអំពើខុស ច្បាប់មួយនេះ អស់ជាច្រើននាក់ នាពេលកន្លងទៅក៏ដោយនោះ ។
ជាក់ស្ដែង នៅក្នុងប្រតិបត្ដិការស្រាវ ជ្រាវ និងស៊ើបអង្កេតរបស់ខ្លួនអស់រយៈ ពេលជាច្រើនថ្ងៃមកនោះ កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋានរាជធានី ភ្នំពេញ ដោយមានការបញ្ជាពីសំណាក់ស្នង ការនគរបាល លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ព្រុំ សន្ធរដឹកនាំដោយព្រះរាជអាជា្ញរងមាស ច័ន្ទពិសិដ្ឋ បានឃាត់ ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងនោះមាន ជនជាតិចិនម្នាក់និងជនជាតិខ្មែរម្នាក់ឈ្មោះ xuxian Dia ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងជនសង្ស័យឈ្មោះហេង សេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែ មុខរបរលក់ កាហ្វេរ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលពួកគេរួមគំនិតរកស៊ីនាំកូនក្រមុំ ជនជាតិ ខ្មែរ ឆ្លងដែនពីកម្ពុជាតាមច្រកព្រលានយន្ដ ហោះ និងតាមច្រកព្រំដែនវៀតណាមឆ្ពោះ ទៅកាន់ប្រទេសចិន ដើម្បីដាក់លក់ដោយ ខុសច្បាប់ នៅទីនោះ ។
នៅក្នុងប្រតិបត្ដិការ ដែលធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ កម្លាំងនគរបាលបានជួយសង្គ្រោះ នារីក្រមុំ ចំនួន ៥នាក់ហើយ ក្នុងនោះក៏មានការចាប់ខ្លួនជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ចេញពី
ព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ គ្រាដែលសមត្ថកិច្ចកំពុងតាមចាប់បក្សពួក២នាក់ទៀត ។
ចាប់ខ្លួនជនសង្ស័យ ទាំង២នាក់នេះ នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា ជនសង្ស័យទាំងនេះត្រូវបាន កម្លាំងសមត្ថកិច្ចការិយាល័យ តាមចាប់ខ្លួន ក្នុងករណី ជួញដូរមនុស្សឆ្លងដែន ។
ជនសង្ស័យខាងលើបានប្រើភ្នាក់ងារ ឬ បណ្ដាញរបស់ខ្លួនទៅលួងលោម និងអូស ទាញ នារីរងគ្រោះដែល ភាគច្រើនរស់នៅ តាមស្រុកស្រែចំការ រួចហើយនាំមកកាន់ រាជធានីភ្នំពេញ ដោយធ្វើលិខិតឆ្លងដែនមុន ពេលនាំចាកចេញ ទៅកាន់ប្រទេសចិន ។ យ៉ាងណាក៏ដោយរេឿងនេះត្រូវបាន លោក កែវ ធាបញ្ជាថា នារីរងគ្រោះទទួលបានលុយ៧០០០ដុល្លារហើយឈ្មួញកណ្តាលយកទៅលក់៩០០០ដុល្លារទើបបញ្ជូនបន្តរទៅប្រទេសចិន រាប់ម៉ឺនដុល្លារ ។
លោក កែវ ធា បានអំពាវនាវឱ្យប្រជា ពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកដែល រស់នៅតាមបណ្តាខេត្ដ មិនត្រូវចាញ់បោក ក្រុមឈ្មួញ ដែលប្រើពាក្យលួង លោម និង បោកបញ្ឆោតនាំទៅលក់ដោយខុសច្បាប់ នៅប្រទេសចិននោះឡើយ ពោលត្រូវធ្វើ ឡើង ដោយមានលិខិតស្នាមត្រឹមត្រូវ ពី ក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិ យាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន មុនពេលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនាំខ្លួនជនសង្ស័យចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី មកការិយាល័យ ស្រាប់តែក្រុមជនសង្ស័យទាំង២នាក់បានលោតចុះពីលើរថយន្តត្រង់ ចំណុចមជ្ឈមណ្ឌលអេតវូតខាងលិចស្តុបផ្សារដីហុយ ប៉ុន្តែជនសង្ស័យត្រូវបានចាប់មកវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីភ្លាម ៕