ព្រៃវែង ៖ គេខ្សឹបតាមអរិយធម៌ថា មន្ទីរសុខាភិបាលខេត្តព្រៃវែង ដែលបច្ចុប្បន្នមានលោកសេង បញ្ញាឫទ្ធិ ជាប្រធានត្រូវបានមន្ត្រីក្រោមឱវាទអះអាងថាមន្ទីរមួយនេះបានប្រែក្លាយទៅជាមន្ទីរគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗ ស្ទើរទាំងអស់ចេញពីគ្រួសារ និងវង្សត្រកូលតែមួយ។ ក្រៅពីនោះ សកម្មភាពដឹកនាំគឺពុំមានតម្លាភាព មានអំពើពុករលួយនិងគិតតែពីប្រយោជន៍គ្រសារនិងបក្ខពួក។
គេខ្សឹបឲ្យឮទៀតថាសកម្មភាពដឹកនាំរបស់លោកសេង បញ្ញាឫទ្ធិ សព្វថ្ងៃក្រៅតែពីមានគ្រួសារនិយម បក្ខពួកនិយម និងអំពើពុករលួយដ៏ធំ បានកើតឡើងដោយសារការរួមដៃពីលោកស្រី ទួន មករា ជាប្រធានការិយាល័យគណនេយ្យ។ បើនិយាយអំពីអំពើពុករលួយនៅមន្ទីរសុខាភិបាលរយៈពេល២ឆ្នាំនេះបានធ្វើឲ្យរដ្ឋបាត់បង់ថវិកាជាតិមិនតិចជា១០០០លានរៀលទេ។ ក្នុងនោះមានការកិបកេងថវិកាជាតិមិនមែនកម្មវិធី និងថវិកាកម្មវិធី រួមនិងថវិកាគម្រោងជាច្រើនដែលជាហេតុធ្វើឲ្យលោកសេង បញ្ញាឫទ្ធិ មានទ្រព្យសម្បត្តិលឿនដូចភ្នែកបន្ទោល ដោយក្នុងមួយរយៈខ្លីរូបគាត់ទិញបានផ្ទះវីឡា និងផ្ទះល្វែង រួមនិងសម្ភារៈដែលមានតម្លៃជាច្រើន។ បច្ចុប្បន្នក៏បានលោកពេជ្រ ហ៊ន់ ដែលជាឪពុកក្មេក និងជាអតីតប្រធានមន្ទីរដែលមានភាពស្និតស្នាលជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាលធ្វើជាខ្នងបង្អែកមួយផ្នែកធ្វើឲ្យលោកសេង បញ្ញាឫទ្ធិ មានអំណាចខ្លាំងនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង ដែលមន្ត្រីជើងចាស់ជាច្រើនមិនអាចប្រកួតប្រជែងបាន។
គេខ្សឹបឲ្យដឹងទៀតថា សព្វថ្ងៃនៅមន្ទីរនេះ លោក សេង បញ្ញាឫទ្ធិ ដែលត្រូវជាកូនប្រសាលោក ពេជ្រ ហ៊ន់ អតីតប្រធានមន្ទីរនេះ។ ចំណែកប្រធានការិយាល័យគណនេយ្យគឺលោកស្រី ទួន មករា ដែលជាក្មួយរបស់លោក ពេជ្រ ហ៊ន់ និងជាជីដូនមួយលោកស្រី ហ៊ន់ សុភារី ជាប្រពន្ធរបស់លោកប្រធានមន្ទីរ សេង បញ្ញាឫទ្ធិ ។ ចំណែកលោកស្រី ហ៊ន់ សុភារី បច្ចុប្បន្នគឺគ្រប់គ្រងកម្មវិធីសុខភាពមាត់ធ្មេញរបស់មន្ទីរ។ ថ្មីៗនេះ លោកសេង បញ្ញាឫទ្ធិ បានរៀបចំតែងតាំងលោកហ៊ន់ រិទ្ធិ ដែលមានតួនាទីជា អនុប្រធានការិយាល័យបចេ្ចកទេសទៅជា អនុប្រធានមន្ទីរដោយផ្លោះតំណែងនិងត្រូវទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤។
ដោយមានបញ្ហាបែបនេះបានធ្វើឲ្យមន្ត្រីនៅមន្ទីរសុខាភិបាលខេត្តព្រៃវែងជាច្រើនកើតការក្ដៅក្រហាយ និងដោយអ្នកខ្លះសូមផ្លាស់ចេញពីមន្ទីរមួយនេះទៅកាន់មន្ទីរខេត្តផ្សេង។ ជាមួយគ្នានេះដែរមន្ត្រីនៅក្នុងមន្ទីរបានទទួច សូមឲ្យលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយ នៅមន្ទីរសុខាភិបាលមួយនេះឲ្យបានស៊ីជម្រៅ ដើម្បី កំណែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ ទោះជាយ៉ាង ណាក្តី ការខ្សឹបនេះគេមិនដឹងថា ពិតត្រឹមកំរិតណាទេ។ ព្រោះមិនអាចសុំការបកស្រាយពីមន្ត្រី ពាក់ព័ន្ធទាំងនោះ បានកាលពីម្សិលមិញ ជួនកាលជាការកាន់កុងគ្នាក៏អាចថាបាន៕ ដោយ៖ ម៉ារីណា
» Breaking News, ព័ត៌មានជាតិ » មន្ទីរសុខាភិបាលខេត្តព្រៃវែង ក្លាយជាមន្ទីរគ្រួសារ