ខេត្តកំពង់ឆ្នាំង៖ លោកឯកស៊ុនរស្មីព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០១៤ បានដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទជាច្រើនកន្លែងក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង និងស្រុកបរិបូរណ៍ ។ កិច្ចបង្ក្រាបបទល្មើសនេសាទដាក់របាំង និងលបសាច់អួននេះត្រូវបានគេមើលឃើញថាៈ នេះជាការបង្ក្រាបលើកទី៤ហើយដែលដឹកនាំដោយព្រះរជអាជ្ញារូបនេះ ។
សមត្ថកិច្ចចំរុះក្នុងកិច្ចប្រតិបត្តិការខាងលើនេះរួមមាន៖មន្ត្រីនគរបាលខេត្តនិងនគរបាលប៉ុស្តិរដ្ឋបាលផ្លូវទូកចំនួន៧នាក់មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់លែង៣នាក់ប្រជានេសាទស្ម័គ្រចិត្តក្នុងសហគមន៍នេសាទឃុំកំពង់ព្រះគគីរចំនូន២៤នាក់ប្រើប្រាស់កាណូតបាឡាចំនួន៨គ្រឿង ក្នុងនោះកាណូតប្រជានេសាទ៦គ្រឿងនិងកាណូតរបស់នគរបាលប៉ុស្តិ១គ្រឿងនិងកាណូតជលផល១គ្រឿង។
រយៈពេលពេញមួយថ្ងៃនៃកិច្ចការប្រឹងប្រែងបង្ក្រាបបទល្មើសខាងលើនេះ គឺបានចុះបង្ក្រាបជា ច្រើនចំណុចមានដូចជា៖ចំណុចវាលភក់,ពាមខ្នង,ក្រពើស្គម,ស្លតខ្នងនិងគន្លង១០០ ក្នុងទឹកដីឃុំផ្លូវទូក ស្រុកកំពង់លែង ។ចំណែកស្រុកបរិបូរណ៍វិញរួមមានចំណុចព្រែកថ្លាន់,និងបឹងធំ, ក្នុងតំបន់អភិរក្សពូជត្រីឃុំកំពង់ព្រះគគីរ ។ជាលទ្ឋផលបង្ក្រាបបានមាន៖កាប់បំផ្លាញរបាំងសាច់អួនចំនួន២១របាំងមានប្រវែងសារុបប្រាណ១០.៥០០ម៉ែត្រនិងកាត់យកលបលូចំនួន៦៣មាត់យកមកកាប់បំផ្លាញចោលនៅលើទីទួលវត្តកំពង់ព្រះគគីរ។ក្នុងកិច្ចបង្ក្រាបនេះដែរសមត្ថកិច្ចចាប់បានជនល្មើសនេសាទចំនួន៣នាក់រស់នៅក្នុងឃុំផ្លូវទូកនិងកាណូត២គ្រឿងកំពុងលើកលបតាមរបាំងខុសច្បាប់និងយកមកប្រគល់អោយលោកនាយផ្នែករដ្ឋបាលជលផលកំពង់លែងកសាងសំណុំរឿងនៅសាលាឃុំផ្លូវទូក។ប៉ុន្តែដោយមានកិច្ចអន្តរាគមនិងសំណូមពររបស់ប្រជាពលរដ្ឋលោកមេឃុំនិងក្រុមប្រឹក្សាឃុំផ្លូវទូកលោកឯកស៊ុនរស្មីព្រះរាជអាជ្ញារងខេត្តបានអោយជនល្មើសធ្វើកិច្ចសន្យាជាមួយមន្ត្រីជំនាញជាលើកចុងក្រោយបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទបន្តទៀតហើយដោះលែងខ្លួននិងកាណូតអោយទៅមូលដ្ឋានវិញប៉ុន្តែបើចាប់ខ្លួនបានលើកក្រោយទៀតសមត្ថកិច្ចនឹងលោកព្រះរាជអាជ្ញានឹងមិនលើកលែងទៀតឡើយ។
លោកឯកស៊ុនរស្មីបាននិយាយអោយដឹងថាដោយបានត្រួតពិនិត្យមុខសញ្ញាបទស្មើសមួយចំនួនដែលបានកោះហៅទៅសាកសួរនៅសាលាដំបូងខេត្តកន្លងមកដែលពួកគេឆ្លើយថាពួកគេបានដាក់របាំងសាច់អួនចាប់ត្រីតែប្រវែងពី៦០ទៅ៧០មលើសច្បាប់កំណត់តិចតួចតែប៉ុណ្ណោះប៉ុន្តែពេលសមត្ថកិច្ចចំរុះចុះទៅបង្ក្រាបពិនិត្យឃើញរបាំងសាច់អួនខុសច្បាប់ក្នុង១បាំងៗមានប្រវែងរាប់ពាន់ម៉ែត្រទើបសមត្ថកិច្ចធ្វើការបង្ក្រាបតែម្តង។
ដោយឡែកប្រភពព័ត៌មានពីស្រុកជលគីរីនិងស្រុករលាប្អៀរបានអោយដឹងថាបទល្មើសបែបនេះក៏កើតមានរាប់រយកន្លែងដូចគ្នាដែរ។ចំណែកព្រែកមួយចំនួនត្រូវបានគេឃុបឃិតគ្នាលក់ស្ងាត់រាប់ម៉ឺនដុល្លារជាច្រៀងរាល់ឆ្នាំអោយគេដាក់ដាយចាប់ត្រីយ៉ាងអនាធិបតេយ្យខុសច្បាប់ដោយយកលេសថាយកលុយកសាង សហគមន៍ ភូមិឃុំ តែជាលទ្ឋផលមិនមានឃើញអ្វីរីកចំរើនគួកត់សំគាល់ឡើយ៕
ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទស្រុកកំពង់លែងនិងបរិបូរណ៍