ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីពួកគេជិះម៉ូតូ និងមួយគ្រឿងទៀតជាប្រភេទម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកគ្រឿងសំណង់ ជ្រុលបុកគ្នាពេញទំហឹង ខណៈរ៉ឺម៉កកំពុងបើកឆ្លងផ្លូវចូលក្នុងការដ្ឋានរបស់ខ្លួន តាមផ្លូវលេខ ៣៧១ ទល់មុខនឹងឃ្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ កាលពីវេលាម៉ោង២២ និង ២០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤។
នៅមុនពេលមានហេតុការណ៍កើតឡើងគឺដំបូងឡើយគេសង្គេតឃើញ បុរសម្នាក់ជិះម៉ូតូរ៉ឺម៉ក់ដឹកគ្រឿង សំណង់មួយគ្រឿង ពណ៌ក្រហម ជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនធម្មតា ខណៈមកដល់ចំណុចកើតហេតុ ខ្លួនបានជិះបត់ឆ្វេងបំណងបត់ចូលក្នុងការដ្ឋានរបស់ ខ្លួន ប៉ុន្តែខណៈបត់ឆ្លងមិនទាន់ផុតផងនោះ ស្រាប់តែមាននារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CB-5792 ជិះធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅ បញ្ច្រាសគ្នា ក៏បានជ្រុលល្បឿនបុកចំពីមុខរ៉ឺម៉ក់ដែលកំពុងឆ្លងផ្លូវ ពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលអោយម៉ូតូ និងរ៉ឺម៉ក់ត្រូវគៀបក្បាលចូលគ្នា ចំណែកភាគីទាំងសងខាងត្រូវរងរបួសដូចគ្នា ហើយត្រូវបានសាច់ញាតិមកទទួលដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះធ្វើ ការអន្តរាគមន៍វាស់វែង លើកយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕