ភ្នំពេញ ៖ ចេញពីកម្មវិធីខួបកំណើតមិត្តភក្តិ បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវក៏ឈប់ម៉ូតូដូរគ្នាបើក ព្រោះតែបុរសជាសង្សារស្រវឹងខ្លាំងពេក ខណៈមានជនសង្ស័យម្នាក់ដើរមកវាយនារីជាសង្សារដណ្តើមយកកាបូបដោយមានការប្រទាញប្រទង់គ្នាទៅវិញទៅមកតែមិនបាន ហើយជនសង្ស័យឃើញឱកាសល្អ ក៏ប្រលែងកាបូប រួចអូសម៉ូតូនារីរងគ្រោះឡើងជិះគេចខ្លួនបាត់ទៅ។ ចំណែកបុរសដែលជាសង្សារនារីរងគ្រោះ ស្រវឹងលែងជួយអីបាន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ អាធ្រាត្រឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ ស្ថិតតាមបណ្តោយផ្លូវលេខ៣៥៤ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ស្រី មុំ អាយុ២៤ឆ្នាំ រស់នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកបុរសជាសង្សារមានឈ្មោះ ភារុណ រស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ចុះមកពិនិត្យកន្លែងកើតហេតុ នឹងនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់១ ។