ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯងជួបប្រទះនឹងបុរសមួយក្រុមមានគ្នា៤នាក់ ដែលជាគូទំនាស់ចាស់ក៏បាននិយាយឌឺដងដាក់គ្នារហូតឈានទៅវាយតប់ គ្នាទៅវិញទៅមក ហើយភាគីខាងគ្នា៤នាក់បានដកកាំភ្លើងបាញ់ភាគីជម្លោះរបស់ខ្លួន ដែលមានតែម្នាក់ឯង បណ្តាលឱ្យត្រូវមួយគ្រាប់ធ្លាយពីត្រគាកឆ្វេងទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ កាលពីវេលាម៉ោង ១ និង ៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចក្បែរផ្សារសូរិយាស៊ីធីម៉ល តាមផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ2P-2839 ម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជួបគ្នាជាមួយបុរសមួយក្រុមមានគ្នា៤នាក់ដែលធ្លាប់ជាគូ ជម្លោះនិងគ្នា ជិះម៉ូតូពីរគ្រឿង ។ ពេលនោះក្រុមបុរស៤នាក់ បាននិយាយទៅបុរសរងគ្រោះថា ម៉េចចង់លេងជាមួយក្រុមអញផង! ហើយបុរសរងគ្រោះក៏បានឆ្លើយតបទៅវិញថា អើអញចង់លេងជាមួយ! គ្រាន់តែជនរងគ្រោះនិយាយចប់ភ្លាមភាគីទាំងពីរក៏បានវាយតប់គ្នាទៅវិញមក ។ ក្នុងពេលនោះដែរបុរសរងគ្រោះក្រលែកឃើញភាគីជម្លោះរបស់ខ្លួនមានកាំភ្លើងក៏ស្រែកឱ្យគេជួយតែគ្មានអ្នកណាហ៊ានចូលជួយនោះទេ ហើយជនរងគ្រោះក៏ត្រូវភាគីជម្លោះបាញ់មួយគ្រាប់ធ្លាយពីត្រគាកខាង ឆ្វេងទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ៕