ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់មាតុប្រទេសវិញហើយ នៅវេលាម៉ោង ១១ និង៤០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ និងដំណើរទស្សនកិច្ចជាច្រើន ថ្ងៃនៅទីក្រុងប៊ូសាន និងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងសេអ៊ូ សម្តេចតេជោ និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរ សម និងសំណេះសំណាលជាមួយលោកស្រី ប៉ាក់ គឿនហេ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល។ ជំនួបនេះប្រមុខ ដឹកនាំកម្ពុជា-កូរ៉េខាងត្បួង បានសន្យាជំរុញពង្រីកទំហំពាណិជ្ជកម្ពុជារវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ថែមទៀត ខណៈឆ្នាំ២០១៣កន្លងទៅទំហំពាណិជ្ជកម្មមានត្រឹមជាង ៧០០លានដុល្លារនោះ។
ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោ និង លោកស្រី ប៉ាក់ គឿនហេ បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន ៥ចំណុចផងដែរ រួមមាន៖
ទី១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ។
ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីលើកទឹកចិត្តធុរជនវ័យក្មេងកម្ពុជា- សាធារណរដ្ឋកូរ៉េ កិច្ច ។
ទី៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាពនិងវិទ្យាសាស្ត្រវេជ្ជ សាស្ត្រ ទី៤-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។
ទី៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការរៀបចំប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយក្នុងប្រទេសកម្ពុជា៕