ភ្នំពេញ៖ បញ្ហាពិការភាព គឺជាបញ្ហាពហុវិស័យដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការយកចិត្តទុកដាក់គិតគូរ និងដោះស្រាយ។ យោងតាមការលើកឡើងក្នុងរបាយការណ៍ពិភពលោក ស្តីពីពិការភាពដែលចេញផ្សាយដោយធនាគារពិភពលោក(World Bank)និងអង្គការសុខភាពពិភពលោកនៅឆ្នាំ ២០១១ ចំនួនជនពិការមានប្រមាណ ១៥% នៃចំនួនប្រជាជនពិភពលោកក។ ដោយឡែក នៅកម្ពុជាវិញ អត្រាជនពិការមានចំនួន ១,៤% នៃចំនួនប្រជាជនសរុបប្រមាណ២សែននាក់។ថ្លែងបើកសិក្ខាសាលាអបអរសាទរខួបលើកទី៤ នៃការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារ និងលើ កកម្ពស់សិទ្ធិជនពិការក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិទទួលបានការងាររបស់ជនពិការ» កាលពីថ្ងៃទី ១៦ សីហា ២០១៣ នៅសណ្ឋាគារភ្នំពេញ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ន អង្គការជនពិការកម្ពុជាមានសមាជិកពិការគ្រប់ប្រភេទជាង ១៥.០០០ នាក់ និងបណ្តាញអង្គការតំណាងជនពិការចំនួន ៥៦ ក្នុង ២៤ខេត្ត/រាជធានី រួមមានវេទិកាស្ត្រីពិការចំនួន ៨ ក្នុងខេត្តចំនួន៨ផងដែរ។
លោកងិន សៅរ័ត្ន បន្តថា អង្គការជនពិការកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ ដោយឈរ លើមូលដ្ឋានសមាជិកភាព។ អង្គការពិការកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសំឡេងជនពិការទូ ទាំង២៤ ខេត្ត/រាជធានីក្នុងប្រទេសកម្ពុជា ដែលមានទិសដៅគាំទ្រ ការពារ បម្រើ និងលើកស្ទួយសិទ្ធិ សមិទ្ធផល និងផលប្រយោជន៍ជនពិការ ដើម្បីឱ្យពួកគេទទួលបាននូវការចូលរួមយ៉ាងពេញលេញ និងមានសកម្មភាពក្នុងសង្គមជាតិ។
លោកបានបន្ថែមថា មកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើអនុក្រឹត្យចំនួន៤ និងប្រកាសចំនួន២ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែ មានប្រសិទ្ធភាព។ លោកបន្តថា អង្គការរបស់លោក នៅតែបន្តការផ្សព្វផ្សាយដល់អង្គការនានាដែលពាក់ព័ន្ធនឹង ជនពិការទូទាំង២៤ខេត្ត/រាជធានី ដើម្បីឱ្យពួកគាត់មានលទ្ធភាពយកទៅផ្សាព្វផ្សាយបន្តដល់ប្រជាជន និងមិត្តជនពិការក្នុងសហគមន៍របស់ពួកគាត់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងក្នុងសិក្ខាសាលាខួបលើកទី៤ នៃការប្រើច្បាប់ពីកិច្ចការពារ និងលើកកម្ពស់ថា ការរៀបចំសិក្ខាសាលនេះ ក្នុងគោលបំណង៣ ចំណុចគឺ ទី១ ផ្សព្វផ្សាយពីសារៈសំខាន់នៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាទាក់ទងនឹងសិទ្ធិជនពិការ ទី២បង្ហាញពីគោលជំហរជនពិការកម្ពុជាលើច្បាប់ស្តីពីកិច្ចការពារ និងលើក កម្ពស់សិទិ្ធជនពិការ និងទី៣នោះ ចង់បង្កើនការយល់អំពីសិទ្ធិទទួលបានការងារធ្វើរបស់ជនពិការដល់ សាធារណជន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ថា ជនពិការ ភាគច្រើនជាជនក្រីក្រ ហើយងាយរងគ្រោះជាងគេនៅក្នុងសង្គម។ ជនពិការតែងតែជួបប្រទះនូវឧបសគ្គ និងការរើសអើងនៅក្នុងសង្គម។ ជនពិការមានឱកាសតិចតួចក្នុងការទទួលបានសេវាកម្មដូចជា សុខភាពអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើនប្រាក់ចំណូល។ល។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បរិបទបងប្អូនជនពិការយើងបច្ចុ ប្បន្នក៏មានលក្ខណៈល្អប្រសើរផងដែរ ដោយសារពួកគាត់ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីអង្គការជនពិការ ក្រុមជួយខ្លួនឯងរបស់ជនពិការ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលធ្វើការលើវិស័យពិការភាព និងបណ្តាដៃគូអភិវឌ្ឍនានា ក្នុងការលើកកម្ពស់សិទ្ធិ ការស្តារ លទ្ធភាពពលកម្ម និងការពង្រឹងសមត្ថភាពរបស់ពួកគេ។
សូមរំឮកថា កាលពីចុងឆ្នាំ ២០១២ ជនពិការទទួលបានការងារធ្វើនៅតាមក្រសួង ស្ថាប័ន រដ្ឋ មានចំនួន១៤៧២នាក់ ស្មើនឹង ០,៧៨% នៃចំនួនមន្ត្រីរាជការសរុប។ ដូច្នេះ បើ ធៀបនឹងអត្រាកំណត់ ២% គឺក្រសួងស្ថាប័នរដ្ឋ ត្រូវជ្រើសរើសជនពិការចូលបម្រើការងារចំនួន ១,២២% បន្ថែមទៀត សម្រាប់ផែនការឆ្នាំ២០១៣ ក្នុងករណីក្រសួងស្ថាប័នរដ្ឋដែលពុំបានបំពេញកាតព្វកិច្ចជ្រើស រើសជនពិការចូលបម្រើការងារតាមអត្រាកំណត់នឹងត្រូវបង់វិភាគទានចូលហឹបមូលនិធិជនពិការដែលអត្រា នៃការបង់នេះ គឺស្មើនឹង ៥០% នៃបៀវត្សមូលដ្ឋានប្រចាំខែរបស់មន្ត្រីរាជការក្នុង១ខែ នៃប្រភេទក្រប ខណ្ឌ ខ២.១ សម្រាប់មន្ត្រីរាជការជាជនពិការ ១នាក់ ជារៀងរាល់ខែ៕ ដោយៈ មករាតូច