ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ១អង្គនិងបុរស៤នាក់ត្រូវមន្ត្រីធម្មការស្រុកបរិបូរណ៍ និងមន្ត្រីអាជ្ញាធរមូល ដ្ឋាន ធ្វើឃាត់កាលពីរសៀល ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៤ ហើយបានយកមកសាលាឃុំដើម្បីសាកសួរ ខណៈបានក្លែងលិខិតស្នាមដើររៃអង្គាសបច្ច័យនិងស្រូវនៅតាមភូមិនានាក្នុងភូមិមេលំស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។
លោកថោងមាឃអនុប្រធានការិយាល័យធម្មការនិងសាសនាស្រុកបរិបូរណ៌បានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានថា មានព្រះសង្ឃ១អង្គនិងបុរសទាំង៤នាក់មធ្យោបាយធ្វើដំណើរដោយ គោយន្តមួយគ្រឿងនិងមានប្រកាសតាមឧឃ្ឃោសនស័ព្ទដើម្បីរៃអង្គាសបច្ច័យនិងស្រូវនៅតាមភូមិនានា ក្នុងឃុំមេលុំរួចមក ដោយមានសង្ស័យមន្ត្រីជំនាញនិងអាជ្ញាធរបានសហការគ្នាឃាត់និងនាំមក សាកសួរនៅសាលាឃុំតែម្តង ព្រោះចង់ដឹងថា តើការដើររៃអង្គាសបច្ច័យនេះមានច្បាប់ត្រឹមត្រូវដែរឬ អត់។ក្រោយពីការសាកសួរត្រូវបាន ព្រះសង្ឃព្រះនាម ចាន់សំណាង មានសង្ឃដិកាថា ការដើររៃអង្គាសបច្ច័យនិងស្រូវនេះគឺសម្រាប់យកទៅកសាងវត្តមួយនៅក្នុងឃុំច្រណូកស្រុកកំពង់លែងប៉ុន្តែនៅពេលពិនិត្យទៅលើលិខិតស្នើសុំបិណ្ឌបាតបច្ច័យនិងស្រូវនោះជាលិខិតចាស់ដែលព្រះសង្ឃអង្គនេះយកមកកោសលប់កែថ្ងៃខែនិងខ្លឹមសារមួយចំនួនទៀតផង។
លោកបានបន្តថា ដោយពិនិត្យឃើញភាពមិនប្រក្រតីបែបនេះមន្ត្រីធម្មការនិងមន្ត្រីអាជ្ញាធរបានធ្វើការអប់រំណែនាំនិងបានអោយព្រះសង្ឃអង្គនេះព្រមទាំងបុរស៤នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពមិនអោយបន្តរៃអង្គាសបច្ច័យនិងស្រូវតទៅទៀតឡើយហើយបានអនុញ្ញាតិអោយវិលត្រឡប់ទៅវិញ។
លោកអនុប្រធានការិយាល័យធម្មការនិងសាសនាស្រុកបរិបូរណ៌ បាននិយាយថា លោកបានទូរស័ព្ទសាកសួរមន្ត្រីធម្មការស្រុកកំពង់លែងហើយ វត្តមួយដែលគេរៃអង្គាសបច្ច័យថាយកទៅ កសាង អីនោះគឺ គ្មានការអនុញ្ញាត អោយធ្វើបែបនេះឡើយ ។ ដោយហេតុនេះលោកបញ្ជាក់ថា ការយកសាសនា មកធ្វើជាខែលរៃអង្គាសបច្ចយ័ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគឺធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់វិស័យព្រះពុទ្ឋសាសនា ។
ព្រះសង្ឃ ១អង្គ និងបុរសទាំង៤នាក់នោះមាន ព្រះសង្ឃព្រះនាមចាន់សំណាងគង់នៅវត្តត្រពាំងរាំងឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ចំណែកបុរស៤នាក់ទៀត១. ឈ្មោះហេងសិទ្ធាអាយុ៣១ឆ្នាំ២.ឈ្មោះហុងលីអាយុ៦១ឆ្នាំ៣.ឈ្មោះនួនរ៉ាអាយុ៣២ឆ្នាំនិង៤.ឈ្មោះសាំងសារិទ្ធអាយុ២៣ឆ្នាំអ្នកទាំង៤នាក់នេះមានទីលំនៅក្នុងឃុំព្រៃមូលស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង៕
ពៅសុខហ៊ាន
» ព័ត៌មានជាតិ » មន្ត្រីការិយាល័យធម្មការ និងសាសនាស្រុកបរិបូរណ៍ឃាត់សង្ឃ១អង្គនិងមនុស្ស៤នាក់ កាន់លិខិតខ្លែងក្លាយដើររៃអង្គាសបច្ច័យនិងស្រូវតាមភូមិឃុំមកអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព