ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២ និង ២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។
យុវជន៣នាក់ ២នាក់ត្រូវរងរបួសធ្ងន់ និងម្នាក់ត្រូវរងរបួសស្រាល បន្ទាប់ពីពួកគេទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ដល់ចំណុចផ្លូវកែងត្រូវរថយន្តមួយគ្រឿងម៉ាកតាកូម៉ា បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស២នាក់ផ្សេងទៀត ក្នុងល្បឿនលឿនជ្រុលបុកចំពាក់កណ្តាលម៉ូតូពេញទំហឹង នៅចំណុច ក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ ជ្រុលបុកឡើងលើខឿនផ្លូវ និងជ្រុលទៅបោកផ្ទប់នឹងជើងស្ពានអាកាស៧មករាបណ្តាលអោយរថយន្តរង ការ ខូចខាត ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀបរាប់ អោយដឹងថា នៅមុនពេល កើតហេតុគេសង្គេតឃើញ យុវជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ចាម 1i-9022 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង បំណងឆ្ពោះ ឡើងទៅផ្លូវលេខ៥៩៨ ក្នុងល្បឿនល្មម លុះមកដល់ចំណុចក្រោមស្ពានអាកាសខាងលើ ដែលជាចំណុចផ្លូវ ប្រសប់៤ផងនោះ ស្រាប់តែត្រូវរថយន្តតាកូម៉ា មួយគ្រឿងផ្សេងទៀត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6961 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ផ្សេងទៀត តាមបណ្តោយផ្លូវកម្ពុជាក្រោម បំណងឆ្ពោះ ទៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលបុកចំពាក់កណ្តាលម៉ូតូវ៉េវពេញទំហឹង បណ្តាលអោយយុវជន ជាម្ចាស់ម៉ូតូទាំង៣នាក់ ដួលបោកផ្ទប់ទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ២នាក់ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ រីឯម្នាក់ទៀតត្រូវរងរបួយស្រាល ព្រោះជាអ្នករួមដំណើរពីក្រោយ ។ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ស្រាប់តែជ្រុលបុកឡើងខឿនផ្លុវក្រោមស្ពានអាកាស និងជ្រុលទៅបុកផ្ទប់នឹងគល់ជើងស្ពានអាកាស៧មករា បណ្តាលអោយរថយន្តបែកកង់ខាងមុខ និងរងការខូចខាតមិនអាចបន្តដំណើរទៅបានទៀត៕