ក្រចេះ៖ បុរសម្នាក់ ត្រូវបានប៉ូលិសស្រុកចិត្របុរី ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នារីរងគ្រោះវ័យ ១៧ឆ្នាំពីបទរំលោភសេពសន្ថវៈ ក្រោយពីជននេះ បានបបួលនាងទៅលេងបុណ្យកំសាន្តភូមិ កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ និងបានល្បួងនាងយកទៅរំលោភ នៅក្នុងខ្ទមស្រែខាងក្រោយភូមិ ស្ថិតនៅក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនជាប់ចោទក្នុងករណីរំលោភនេះ ឈ្មោះ ថេត នុត អាយុ ២១ ឆ្នាំ រស់នៅភូមិជាមួយនារីរងគ្រោះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទ និងគ្រួសាររបស់នារីរងគ្រោះ ជាមនុស្សស្គាល់គ្នា ហើយកាលពីយប់ថ្ងៃកើតហេតុ ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៤ គឺជនជាប់ចោទបានទៅបបួលនារីរងគ្រោះ ទៅលេងបុណ្យកំសាន្តភូមិជាមួយគ្នា ក្រោយពីនារីរងគ្រោះ បានព្រមទៅលេងជាមួយ ស្រាប់តែជនជាប់ចោទ បានល្បូងនាងទៅខ្ទមស្រែ នៅខាងក្រោយភូមិ រួចក៏ចាប់រំលោភរហូតបានសម្រេច។
ក្រោយពីកើតហេតុរួច នារីរងគ្រោះ ក៏យករឿងនេះ មកប្រាប់ឪពុកម្តាយ ហើយឪពុកម្តាយ បានដាក់ពាក្យប្តឹង។ សមត្ថកិច្ច ក៏ឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសនោះ យកទៅសាកសួរតែម្តង៕