កំពង់ឆ្នាំង៖ ក្រោយសារព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីរបស់លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹកយកមកចុះផ្សាយដែលលោកស្រីបានអំពាវនាវ សុំអោយតុលាការលើកលែងការចោទប្រកាន់ និងដោះលែងប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងឃុំក្បាលទឹកចំនួន៤នាក់ អោយមានសេរីភាពឡើងវិញនោះ មានពាក្យចចាមអារាមមួយចំនួនថាលោកស្រីមេឃុំជាអ្នកលក់ដីទើបមានការអះអាងបែបនេះ ។
លោកស្រីមេឃុំបានបញ្ជាក់ប្រាប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤នេះថា លោកស្រីមិនបានលក់ដីនោះទេគឺចាប់តាំងពីលោកស្រីបានឡើងធ្វើជាមេឃុំបន្តពីអតីតមេឃុំចាស់ លោក ម៉ា ហ៊ីម រហូតមកដល់បច្ចុប្បន្ន លោកស្រីមានតែធ្វើអំពើល្អ និងធ្វើការងារមនុស្សធម៌ខ្លះៗជួយដក់ប្រជាពលរដ្ឋក្រីក្រ។ លោកស្រីបានបញ្ជាក់បកស្រាយថា រឿងករណីដីដែលមានបញ្ហាខាងលើ គឺដើមឡើយលឺថាលោក ហ៊ុន សាន បានសុំដីកាន់កាប់ពីអតីតលោកមេឃុំ ម៉ាហ៊ីម ប៉ុន្តែក្រោយមកលោក ហ៊ុន សាន ក៍បានផ្ទេរទៅអោយឈ្មោះ ស៊ុន សំអុល ហើយឈ្មោះស៊ុន សំអុល បានលក់បន្តដីនេះទៅអោយអ្នកស្រី ម៉ៅ ហុង ថ្ងៃនោះលោក ស៊ុន សំអុល យកលិខិតមកស៊ីញ៉េលក់ផ្តាច់ដីលោកស្រីយល់ថាដីនោះមានកម្មសិទ្ធិត្រឹមត្រូវទើបចុះហត្ថលេខាតែម្តងទៅ ។ ករណីនេះលោកស្រី សូមអំពាវនាវកុំអោយប្រជាពលរដ្ឋ ក៍ដូចជាមជ្ឈដ្ឋានទូទៅយល់ថាលោកស្រីជាអ្នកលក់ដីនោះ ។ ការអះអាងប្រាប់អ្នកសារពត៌មានយើង គឺលោកស្រីមានគោលបំណងជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំរបស់ខ្លួនហើយមានជីវភាពក្រីក្រដូច្នេះសូមអោយតុលាការ ក៍ដូចជាថ្នាក់ដឹកនាំជ្រាប និងដោះលែងពួកគាត់វិញអោយមានសេរីភាពព្រោះថាពួកគាត់គ្រាន់តែជាអ្នកស៊ីឈ្នួលគេក្នុងតម្លៃ១ថ្ងៃបានត្រឹមតែ១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ ។
សូមរម្លឹកថា តុលាការខេត្តកំពង់ឆ្នាំង មានព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន និងចៅក្រម លោក សុទ្ធ សំអោក បានបន្តនិតិវិធីឃុំខ្លួន ដាក់ពន្ធធនាគារ លើប្រជាពលដ្ឋក្រីក្រចំនួន៤នាក់ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ១១និង៣០នាទី ដោយមានការចោទប្រកាន់ពីសំណាក់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ពីបទរុករានដីគម្របព្រៃ១០ភាគរយ ដែលបម្រុងទុក នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ករណីនេះ ត្រូវបានលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹករួមនិង មេភូមិថ្នល់កែង បានអំពាវនាវដល់ស្ថាប័នតុលាការដែលបានឃុំខ្លួនប្រជាពលរដ្ឋទាំងបួននាក់ ដែលរស់នៅក្នុងជីវភាពក្រីក្រស៊ីឈ្នួលស្ទើរតែមួយជីវិតបានមួយថ្ងៃសម្រាប់មួយថ្ងៃដើម្បីចិញ្ចឹមកូនតូចៗនិងប្រពន្ធ នៅក្នុងនោះមានគ្រួសារមួយរស់នៅដោយគ្មានម្តាយមានតែឳពុកជាអ្នករកស៊ីចិញ្ចឹមកូន និងមើលថែកូនតូចៗក្នុងបន្ទុកគ្រួសារដែលត្រូវបានសមត្ថកិច្ចចម្រុះស្រុកទឹកផុសចាប់ខ្លួនឳពុករបស់ពួកគេ ។ សូមរម្លឹកថាប្រជាពលរដ្ឋទាំង៤នាក់ ត្រូវបានដាក់ឃុំឃាំងនៅក្នុងទ្រុងក្នុងអធិការដ្ឋាននគរបាលស្រុកទឹកផុសពេញមួយយប់រួចបញ្ជូនមកកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំង ហើយមកទល់ម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤មិនទាន់អាចបន្តនិតិវិធីសាកសួរ រួចបន្តឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ពេញមួយយប់ទៀត លុះព្រឹកឡើងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅវេលាម៉ោង១១និង៣០នាទី តុលាការបានសម្រេចឃុំខ្លួននៅពន្ធធនាគារខេត្តកំពង់ឆ្នាំង ។ ប្រជាពលរដ្ឋទី១ឈ្មោះ ឆាត លុច ភេទប្រុស អាយុ៣៣ឆ្នាំ ទី២-ឈ្មោះ ម៉ៅ ផុន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣-ឈ្មោះរស់ អែម ភេទប្រុស អាយុ៥៨ឆ្នាំ អ្នកទាំងបីនាក់មានទីលំនៅថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងទី៤ឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិតាដែល ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺពួកគេត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើនិងនគរបាលឃាត់ខ្លួនកាលពី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ខណៈពួកគេស៊ីឈ្នួល រើចំការក្នុងតម្លៃមួយថ្ងៃ១ម៉ឺន៥ពាន់រៀល ។ បើតាមការអះអាងរបស់សមត្ថកិច្ចបានអោយដឹងថា អ្នកទាំងបួនបានរុករានទៅលើដីគម្របព្រៃដែលទុកជាដីសហគមន៍១០ភាគរយ នៅក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទើបមានការឃាត់ខ្លួនសួរនាំតែម្តង។ ទន្ទឹមគ្នានេះក្រុមគ្រួសារនិងកូនៗរបស់ជនរងគ្រោះខាងលើ បានលើកដៃបួងសួងសំពះស្នើសុំសម្តេចតេជោ ហ៊ុន សែន និង សមតេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍ដោះលែងពួកគាត់ទាង៤នាក់ អោយមានសេរីភាព ដើម្បីរកស៊ីចិញ្ចឹមគ្រួសារបន្តទៀត ។
មន្ត្រីរដ្ឋបាលព្រៃឈើ ខ្សែតដំរីស លោក សាន់ សារ៉ូ បានប្រាប់អោយដឹងថាការចាប់ប្រជាពលរដ្ឋទាំងបួននាក់ខាងលើនេះ គឺផ្អែកទៅលើបទល្មើសជាក់ស្តែងដែលបុគ្គលខាងលើបានចូលកាប់រុករានដីព្រៃដែលជាគម្របព្រៃបម្រុងទុករបស់រដ្ឋ ប្រមាណជាង១០ហិកតា។តែតាមពិតប្រជាពលរដ្ឋដែលត្រូវចាប់ខ្លួនគឺជាអ្នកស៊ីឈ្នួលគេតែប៉ុណ្ណោះ ប៉ុន្តែលោក សាន់សារ៉ូ បាននិយាយថាទោះជាស៊ីឈ្នួលគេក៍ត្រូវចាប់ខ្លួនដែរ ព្រោះជាបទល្មើសជាក់ស្តែង បើម្ចាស់អះអាងថាជាដីរបស់ខ្លួន សូមចេញមុខដោះស្រាយតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋផ្សេងទៀតបាននិយាយថាបើជាដីគម្របព្រៃគឺកន្លែងណាក៍ដូចជាកន្លែងណា ប្រជាពលរដ្ឋមិនអាចរស់នៅបានឡើយ ឯណាទៅកំណែទម្រង់ស៊ីជម្រៅដែលសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្រគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ? ។ ដោយមើលឃើញការលំបាករបស់គ្រួសារជនរងគ្រោះដែលរស់នៅមួយថ្ងៃសម្រាប់មួយថ្ងៃប្រជាពលរដ្ឋក្នុងភូមិ បានសុំអំពាវនាវតាមរយៈសារពត៌មាន សុំអោយលោកជំទាវ កែ ច័ន្ទមុនី និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពុងឆ្នាំងមេត្តាជួយអន្តរាគមន៍ដោះលែងពួកគាត់អោយមានសេរីភាពវិញផង
នៅក្នុងនោះផងដែរ លោកស្រីមេឃុំក្បាលទឹក បានពាំនាំអំណោយសប្បុរសជនជូនដល់គ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋជួបការលំបាកសរុបចំនួន១០គ្រួសារ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១៥គីឡូក្រាម ត្រីខ៥កំប៉ុង និង មី២៥កញ្ចប់ ៕ គិរី ពេជ្រ
» ព័ត៌មានជាតិ » ប្រជាពលរដ្ឋឃុំក្បាលទឹក អំពាវនាវសុំអោយលោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្តម ឈួរ ច័ន្ទឌឿន ជួយអន្តរាគមន៍ដោះលែងប្រជាពលរដ្ឋ៤នាក់ដែលតុលាការឃុំខ្លួន