ខេត្តកំពង់ឆ្នាំង៖ គ្រាប់បែកផលិតនៅប្រទេសចិននៅមានគុណភាព១០០ភាគរយចំនួន២គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រចំនួន១គ្រាប់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការប្រគល់ជូន មន្ត្រីហ្វឹកហ្វឺនកំចាត់មីនស៊ីម៉ាក់ ដើម្បីយកទៅកំទេចចោល នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៤ ។
លោក សំ សិទ្ឋី អធិការនគរបាលក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ថា គ្រាប់បែកដៃចំនួន២ គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រនេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ឈ្មោះ អែម រិទ្ឋី អាយុ៥២ឆ្នាំ រស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងប្រទះឃើញ ក្នុងកំពោតព្រៃក្រោយផ្ទះ ខណៈដែលគាត់កាប់ ឆ្កាព្រៃដើម្បីអោយស្រឡះភូមិ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ហើយក៏បានយកមកប្រគល់អោយ សមត្ថកិច្ចនគរបាលតែម្តង ទើបនៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ យើងបានប្រគល់ជូនមន្ត្រីស៊ីម៉ាក់ យកទៅរក្សាទុកឬដុតកំទេចចោល ។
លោក ពេញ សាវ៉ាត អនុប្រធានសាលាហ្វឹកហ្វឺនកំចាត់មីន ស៊ីម៉ាក់ ដែលបានមកទទួលគ្រាប់អាវុធយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះ មានប្រសាសន៍ថា គ្រាប់បែក២គ្រាប់នេះជាគ្រាប់បែកផលិតនៅប្រទេសចិន ហើយនៅមានគុណភាព១០០ភាគរយព្រោះនៅថ្មីនៅឡើយ ចំណែកគ្រាប់កាំភ្លើងត្បាល់៦០មីលីម៉ែត្រក៏ផលិតនៅប្រទេសចិនដែរថ្វីត្បិតថាវាច្រេសស៊ីពិតមែនតែវាក៏នៅមានគុណភាពផ្ទុះបាន
ដែរបើយើងមិនប្រុងប្រយ័ត្នទៅបះពាល់ឬវាយដំវា ។ លោកបានបន្តថាៈ ជារើយៗ អង្គភាពរបស់លោក តែងតែទទួលយកគ្រាប់បែកគ្រាប់មីន និងគ្រាប់អាវុធយុទ្ឋភណ្ឌ ពីបណ្តាស្រុកក្រុង ក្នុងខេត្ត ដើម្បីយក មករក្សាទុក និងយូៗម្តងទើបប្រមូលយកទៅបំផ្លាញចោល តាមបចេ្ចកទេស ។
លោក អនុប្រធានហ្វឹកហ្វឺនកំចាត់មីនស៊ីម៉ាក់ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំប៉ះពាល់គ្រាបើមីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទព្រោះអាចបង្ករអោយផ្ទុះស្លាប់បាត់បង់ជីវិត ឬគ្រោះថ្នាក់ ត្រឹមពិការបាន ៕ ពៅសុខហ៊ាន
» ព័ត៌មានជាតិ » មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងប្រគល់គ្រាប់បែកនិងគ្រាប់កាំភ្លើងត្បាល់អោយមន្ត្រីស៊ីម៉ាក់