ចិនបានកាត់ទោសប្រហារជីវិតប្រធានក្រុមហ៊ុនរដ្ឋមួយចំពោះ ការព្រព្រឹត្តិអំពើពុករលួយពាក់ព័ន្ធប្រាក់ជិត៤០០លានយ័ន(៦៥,៤លាន ដុល្លារ)។
នៅពេលចិនប្រហារជីវិតមនុស្សច្រើនជាងគេនៅក្នុងលោក ប្រទេសនេះកម្រដាក់ទោសសម្លាប់មន្ត្រីខ្លួនភ្លាមៗដូចនេះណាស់។
តុលាការនៅក្រុងហ្កាងហ្សូ កាលពីថ្ងៃពុធ បានដាក់ទោសលោកហ្សាង ស៊ីនហួ អតីត អគ្គនាយកនៃសារជីវកម្មឧស្សាហកម្មនិងកសិកម្មបាយយុន ពីបទទទួលសំណូកនិងកឹបកេងលួចបន្លំប្រាក់។
ហ្សាងត្រូវបានគេរកឃើញថាបានកិបកេងលុយក្រុមហ៊ុនអស់ជាង២៨០លានយ័ន ចាប់តាំងពីឆ្នាំ២០០៣។លោកក៏បានទទួលសំណូកប្រមាណ៩៥លានយ័នផងដែរ។
បណ្តាញាសារព័ត៌មានរដ្ឋរបស់ចិនក៏បាននិយាយថា លោក លីវ ទៀនណាន អតីតមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ចិនរូបនេះ ត្រូវបានកាត់ទោសអោយជាប់គុកអស់មួយជីវិតនៅប្រទេសចិនពីបទទទួល សំណូកលុយរាប់លានដុល្លារ ។
លោកលីវ ទៀនណានបានធ្វើជាអនុប្រធានគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ រហូតដល់គាត់ត្រូវបានបណ្តេញចេញពីមុខតំណែង កាលពីសីហាឆ្នាំ២០១៣។
តុលាការក្រុងឡាង ហ្វាង នៅថ្ងៃពុធបានរកឃើញទោសកំហុសរបស់គាត់ដោយបានទទួលប្រាក់សំណូក ចំនួន៥,៨លានដុល្លារជាថ្នូរនឹងការផ្តល់សិទ្ធិនិងការគាំទ្រដល់ ការធ្វើជំនួញផ្សេងៗរបស់អ្នកដែលផ្តល់ប្រាក់សំណូកដល់គាត់។
ទីភ្នាក់សារព័ត៌មានស៊ីនហួ បាននិយាយថា បន្ថែមពីលើការជាប់ទោសអស់មួយជីវិតនេះ ទ្រព្យសម្បត្តិទាំងអស់របស់គាត់ត្រូវបានរឹបអូសយក៕