ខេត្តកំពង់ឆ្នាំង៖ ចិញ្ចើមផ្លូវកៅស៊ូផ្លូវជាតិលេខ៥៣មួយកន្លែងស្ថិតនៅក្នុងភូមិចំការតាម៉ៅឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជាផលប្រយោជន៍របស់ខ្លួនជាហេតុអាចធ្វើអោយស្ទះចរន្តទឹកហូរនិងធ្វើអោយប្រជាពលរដ្ឋព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកនូខៀនមេឃុំស្រែថ្មីបានអោយដឹងនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៤នេះថាការចាក់ដីរំលោភយកចិញ្ចើមផ្លូវសាធារណៈដើម្បីធ្វើជាផ្លូវឡើងទៅកាន់ជញ្ជីងថ្លឹងរថយន្តជារបស់លោកង៉ោទ្រីនោះមិនបានសុំការអនុញ្ញាតឬរាយការណ៍អោយអាជ្ញាធរមូលដ្ឋានឡើយ។មិនតែប៉ុណ្ណោះគេបានឃើញលូបង្ហូរទឹកនៅតាមចិញ្ចើមផ្លូវសាធារណៈមួយចំនួននៅចំណុចនោះត្រូវបានលោកង៉ោទ្រីគាស់យកចេញដែលករណីនេះប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះការហូរច្រោះបាក់ផ្លូវជាតិលេខ៥៣នៅក្នុងរដូវវស្សាប្រសិនបើមន្ទីរជំនាញមិនមានការទប់ស្កាត់ទេនោះ។ម្យ៉ាងវិញទៀតការចាក់ដីខ្ពស់ជាងចិញ្ចើមផ្លូវសាធារណៈដើម្បីធ្វើជាផ្លូវចូលទៅក្នុងកន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវរបស់គាត់នោះអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នៅពេលខាងមុខជាមិនខានឡើយ។
លោកកែវពៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រោយពីទទួលបានព័ត៌មានខាងលើនេះលោកបានមានប្រតិកម្មចំពោះការចាក់ដីរំលោភយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋគឺជាអំពើខុសច្បាប់។ខាងមុខនេះលោកនឹងចាត់តាំងអោយក្រុមការងាររបស់មន្ទីរចុះទៅត្រួតពិនិត្យនិងធ្វើកំណត់ហេតុជាក់ស្តែងនិងមានវិធានការណ៍ទប់ស្កាត់មិនអនុញាតិអោយម្ចាស់ម៉ាស៊ីនកិនស្រូវខាងលើនេះរំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋតាមទំនើងចិត្តនោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតាម៉ៅបាននិយាយអោយដឹងថាកន្លងមកថ្មីៗនេះខាងមន្ទីរសាធារណៈការខេត្តបានបោះបង្គោលកំណត់ព្រុំចិញ្ចើមផ្លូវជាតិលេខ៥៣ដែលចេញពីអាក់ផ្លូវទាំងសងខាងផ្លូវប្រវែង២៥ម៉ែត្រ(ទំហំផ្លូវដែលត្រូវពង្រីកខាងមុខមានទទឹងប្រវែង៥០ម៉ែត្រ)អោយប្រជាពលរដ្ឋបានដឹងនិងត្រៀមបង្ខិតរបងឬផ្ទះអោយផុតពីចំណីផ្លូវរបស់រដ្ឋ។ប៉ុន្តែបែរជាម្ចាស់ម៉ាស៊ីនខាងលើនេះធ្វើមិនដឹងមិនឮទៅវិញថែមទាំងបានចាក់ដីអោយខ្ពស់រំលោភយកចិញ្ចើមផ្លូវរបស់រដ្ឋទៅវិញដែលករណីនេះគួរតែធ្វើការទប់ស្កាត់អោយទាន់ពេលវេលា៕ ពៅ សុខហ៊ាន