ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥សីហា២០១៣អាជ្ញាធរខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសភាពការណ៍សន្តិសុខទូទៅ និងជំរុញឲ្យកំលាំងសមត្ថកិច្ចទាំងអស់ត្រូវបំពេញការងារជំនាញទៅតាមតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំនេះ លោក កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំ នៅសាលាខេត្តស្ទឹងត្រែងថា ត្រូវចាត់ទុកការងារពង្រឹងសុវត្ថិភាពសន្តិសុខសង្គមជាកត្តាចម្បងដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានសុខក្សេមក្សាន្ត និងការប្រកបរបរចិញ្ចឹមជីវិត ទទួលបានជីវភាពធូរធារ។
លោកអភិបាលខេត្តបន្តថា ដើម្បីឲ្យសំរេចបាននូវការងារនេះកំលាំងសមត្ថកិច្ចទាំងអស់ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរភូមិឃុំ និងរួមគ្នាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច រួមទាំងពិនិត្យតាមដាននូវសភាពការណ៍ផ្សេងៗដែលកើតមានឡើងនៅ ក្រោយពេលបោះឆ្នោតដើម្បីទប់ស្កាត់រាល់បាតុភាពមិន
ប្រក្រតីណាមួយដែលធ្វើឲ្យខូចសន្តិសុខក្នុងសង្គម។
លោកមានប្រសាសន៍ទៀតថា ជាពិសេសគឺកំលាំងប៉ុស្តិ៍រដ្ឋបាលនៅតាមភូមិឃុំដែលនៅកៀកកិតជាមួយប្រជាពលរដ្ឋ ត្រូវជួយប្រជាពលរដ្ឋកុំចាំបាច់ប្រជាពលរដ្ឋរត់ទៅរកយើងទើបយើងទៅរកប្រជាពលរដ្ឋវិញមិនប្រសើរទេ។ យើងត្រូវដោះស្រាយរឿងរ៉ាវគ្រប់ករណីឲ្យបានទាន់ពេលវេលាទើបហៅថា ភូមិឃុំ នោះមានសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ។
លោក យ៉ន ឌិន ស្នងការរងទទួលផែនកណ្តាលនគរបាលយុត្តិធម៌បានឡើងអាន
របាយការណ៍ថា នៅខេត្តស្ទឹងត្រែងក្នុងភូមិសាស្ត្រខេត្តមានការល្អប្រសើរ។ ក្នុងខែសីហា២០១៣មានបទ ល្មើសកើតឡើងចំនួន១២លើក(លើ០៧លើ)បើប្រៀបធៀបទៅនឹងខែកក្កដា២០១៣ ឃើញថាមានការ កើនឡើងចំនួន៥លើកក្នុងនោះ រួមមានបទល្មើសឧក្រិដ្ឋកើនឡើងចំនួន១លើកជាក់ស្តែងរំលោភសេពសន្ថវចំនួន២លើកបទល្មើស
មជ្ឈិមមានកើតឡើងចំនួន១១លើក។ នៅក្នុងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសរួមមានការបង្ក្រាបទីតាំងស្តុកឈើ ប្រណីតខុសច្បាប់ចំនួន៤កន្លែងដកហូតបានឈើគ្រញូងចំនួន១១១៥ដុំស្មើនឹង៨.៧៦២គីឡូក្រាម និង រថយន្តចំនួន២គ្រឿងបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ ជាមួយគ្នានេះកម្លាំងនគរបាល ប្រឆាំង
គ្រឿងញៀនបានធ្វើការបង្ក្រាបការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៤ករណី (ចែកចាយ៣ករណីប្រើប្រាស់១ករណី)ឃាត់ខ្លួនជនល្មើសចំនួន៧នាក់ដកហូត វត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០គ្រាប់និងឧបករណ៍ជក់មួយចំនួន។ ចំណែកគ្រោះថ្នាក់ ចរាចរណ៍ក្នុងខែសីហា កើតមានចំនួន០៧លើកផ្សេងគ្នាក្នុងនោះបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់និងរបួសធ្ងន់៦នាក់របួសស្រាលម្នាក់ខូចខាតម៉ូតូបន្តិចបន្តួចចំនួន១គ្រឿង និងរថយន្តខូចខាត តិចតួចចំនួន២គ្រឿង។ ក្នុងករណីខាងលើកម្លាំងជំនាញបានធ្វើការសម្រុះសម្រួលបានចំនួន ៣ករណី។ ទាក់ទងនិងគ្រោះអគ្គីភ័យបានកើតឡើងមួយលើកស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង។
លោកឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានផ្តោតសំខាន់និងលើកឡើង អំពីបញ្ហាចោរកម្មដែលលោកបានកំណត់សំគាល់ក្នុងឆ្នាំ២០១៣ សកម្មភាពក្រុមចោរបានធ្វើ សកម្មភាពលួចកាច់សោម៉ូតូ ក្នុងអំឡុងខែតុលានិងខែវិច្ឆិកាដែលជារដូវទឹកឡើងក្រុមចោរងាយ ធ្វើសកម្មភាព។ លោកបានដាស់តឿនទៅមេបញ្ជាការមេបញ្ជាការរងនៅតាមបណ្តាស្រុកធ្វើយ៉ាង ណាត្រូវតាមដានកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់និងរាយការណ៍បន្ទាន់។
លោក កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែង ក្នុងកិច្ចប្រជុំថា នេះជារដូវធ្លាក់ភ្លៀង ដូច្នេះកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវដាក់និងរៀបផែនការទៅតាមបណ្តាស្រុក ត្រូវត្រៀមជាចាំបាច់ការពារនូវគ្រោះទឹកជំនន់ដោយសារជន់ទឹកភ្លៀងឬគ្រោះធម្មជាតិ ដែលកើតឡើង ជាយថាហេតុ ដើម្បីធ្វើឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្រទាំង៩ចំណុចដែលរដ្ឋាភិបាល បានដាក់ចេញពិសេសត្រូវរក្សាឲ្យបានគោលជំហរភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ៖ ឡុង កាន់សំនៀង