ភ្នំពេញ ៖ យុវជនម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរបន្ទាប់ពីរូបគេជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងផងនោះ បានជ្រុលបុកពីក្រោយគូទរថយន្តតាកស៊ីម៉ែត្ររបស់ក្រុមហ៊ុន មហាកំផែង ពីក្រោយពេញទំហឹង បណ្តាលអោយទាំងម៉ូតូនិង រថយន្តត្រូវរងការខូចខាត។ ដែលហេតុការណ៍ខាងលើនេះដែរ កើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុគេសង្គេតឃើញ យុវជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1A-0800 ជិះធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងផងនោះ បានជ្រុលល្បឿនបុកចំពីក្រោយគូទរថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុន មហាកំផែងមួយគ្រឿង ពណ៌ទឹកប្រាក់ លាយពណ៌ផ្ទៃមេញ ពាក់ស្លាកលេខភ្នំពេញ 2Z-0957 ដែលកំពុងចតស្ងៀមចាំដឹកម៉ូយ នៅតាមបណ្តោផ្លូវខាង លើក្នុងទិសស្របជាមួយម៉ូតូជនរងគ្រោះ ធ្វើអោយម៉ូតូជនរងគ្រោះដែលកំពុងបើកបរក្នុងសភាពស្រវឹងផងនោះ បានបើកបុកពីក្រោយពេញទំហឹង លាន់ស្នូរដូចរន្ទះ បណ្តាលអោយយុវជនជាម្ចាសម៉ូតូដួលបោកផ្ទប់ទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្តត្រូវរងការខូចខាត យ៉ាងដំណំដូចគ្នា៕