ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១និង១០ នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅការដ្ឋានសំណង់មួយកន្លែងដែលគេហៅថា សំណង់តាបានជាកម្មសិទ្ធិរបស់ថៅកែឈ្មោះ លី ហួត មានទីតាំងស្ថិត នៅអគារលេខ៣២-៣៤-៣៦ ផ្លូវលេខ២៤២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ទល់មុខសណ្ឋាគារថោនវាយោ បន្ទាប់ពីមានកម្មករសំណង់ម្នាក់ត្រូវជណ្ដើរយន្ដថ្មីគាបស្លាប់ ។
កម្មករ សំណង់ដែលបាត់បង់ជីវិត ដោយជណ្ដើរយន្ដកៀបជាប់នោះឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ២១ឆ្នាំ មាន ស្រុកកំណើតនៅខេត្ដព្រៃវែង ។ ជនរងគ្រោះត្រូវជណ្ដើរយន្ដកៀបជាប់ក្បាល នៅពេលជិះពីជាន់ទី១៥មកក្រោម ។
មុនពេលកើតហេតុជនរងគ្រោះជាកម្មករសំណង់បានធ្វើការនៅ ជាន់ទី១៥ ហើយក្រោយមកក៏បានចុះតាមជណ្ដើរយន្ដដែលទើបដំឡើងថ្មីមានតែ គ្រោងឆ្អឹងសំដៅទៅជាន់ខាងក្រោម ហើយគ្មានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពក៏បណ្ដាលឱ្យកម្មករនោះក្បាល កៀបចូលនិងជណ្ដើរដែកស្លាប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ម្ចាស់សំណង់បានព្យាយាមបិទ បាំងព័ត៌មានមិនឱ្យឮដល់អាជ្ញាធរដែនដី និងអ្នកកាសែត តែដោយកម្មករធ្វើ្វការជាមួយ ជនរងគ្រោះមានការអាណិតអាសូរដល់ ឈ្មោះចាន់ ធឿន ដែលបាត់បង់ជីវិតក្នុងពេលកំពុងបំពេញការងារនោះទើបរាយ ការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យបានដឹង និងចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ ។
សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាម ប្រពៃណីនៅស្រុកកំណើត ។ សាលារាជធានីភ្នំពេញក៏ដូចមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដី មេត្ដា ពិនិត្យពីការដ្ឋានសំណង់នីមួយៗ ពិតជាបានអនុវត្ដតាមច្បាប់បច្ចេកទេសឬមួយយ៉ាងណាទេ ព្រោះកម្មករតែងតែរងគ្រោះ ដោយសារសំណង់ភាគច្រើនធ្វើមិនបានគោរពឬអនុវត្ដតាមបច្ចេកទេសទើប ហានិភ័យកើតឡើងជាញឹកញាប់ ៕
» ព័ត៌មានជាតិ » កម្មករសំណង់ម្នាក់គាប ក្នុងជណ្ដើរយន្ដក្នុងការដ្ឋានសំណង់ខុនដូរបស់ ថៅកែ លី ហួត