ស្ទឹងត្រែង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយប៉ុស្តិ៍រដ្ឋបាលតាឡាត និងប៉ុស្តិ៍អូស្វាយ បានចុះឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ នៅកន្លែងខុសៗគ្នាក្នុងថ្ងៃតែមួយ បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
បសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ នៅស្រុកសេសាន២នាក់ និង ស្រុកថាឡាបរិវ៉ាត់ម្នាក់។
នៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាឡាត ស្រុកសេសាន ក្នុងនោះសមត្ថកិច្ចដកហូតបានប្រដាប់ប្រដាប្រើប្រាស់នៃការជក់មាន ដប ទុយោ ដែកកេះ និង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មានម្នាក់ឈ្មោះ តាប៉ះ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន និងម្នាក់ទៀតឈ្មោះ វង់ រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ដោយឡែក យុវជនម្នាក់ទៀតឈ្មោះ ជិត ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះភ្នូវ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនការពីវេលាម៉ោង១០ព្រឹកថ្ងៃដដែល ខណៈដែលរូបគេកំពុងធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀននៅចំណុចកោះតាថៅ ក្នុងភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោយការឃាត់ខ្លួនជន សង្ស័យទាំង០៣នាក់ កម្លាំងជំនាញបានបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្ត។
នៅ រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះ ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការបន្តតាមនីតិវិធី៕