កណ្តាល៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ នៅផ្លូវសាធារណៈ ខាងមុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ យុវជនម្នាក់ បានត្រូវប៉ូលិស ស្រុកល្វាឯម ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព កាប់ បំផ្លាញកុងទ័រភ្លើង នៅលើបង្គោលភ្លើង ហើយពេលម្ចាស់អាជីវកម្ម និងសមត្ថកិច្ចទៅដល់ ជនសង្ស័យរូបនេះបានកាប់ទាំងម៉ូតូប៉ូលិស និងរថយន្តម្ចាស់អាជីវកម្ម បន្ថែម ទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ យុវជននោះ មានឈ្មោះ ឃៀម ឃឿន ហៅ ជិន អាយុ ២១ ឆ្នាំ មុខរបរជាកសិករ។ ចំណែកម្ចាស់អាជីវកម្ម រងគ្រោះ មានឈ្មោះ សល ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរជាយោធា មានទីលំនៅ ក្នុងភូមិក្តីកណ្តាល ជាមួយគ្នានឹងជនសង្ស័យ ។
នៅម៉ោងកើតហេតុ ជនសង្ស័យ បានកាប់ បំផ្លាញ កុងទ័រភ្លើង នៅលើបង្គោលខ្សែភ្លើង ទើបម្ចាស់អាជីវកម្មអគ្គិសនី ទូរស័ព្ទប្តឹងសមត្ថកិច្ច ហើយនគរបាលប៉ុស្តិ៍ បានចេញទៅកន្លែងកើតហេតុ ដោយម្ចាស់អាជីវកម្ម ជិះរថយន្តទៅពីក្រោយ។ ពេលទៅដល់ ឃើញជនសង្ស័យ កាន់កាំបិតផ្គាក់ ដងវែង ឈរនៅទីនោះ។ ពេលសមត្ថកិច្ច សួរនាំជនសង្ស័យ ជនសង្ស័យបានគម្រាមប៉ូលិសថា បើចូលមក គេនឹងកាប់ បានបន្តិចក៏ស្ទុះមកកាប់ ម៉ូតូសមត្ថកិច្ច និងកាប់រថយន្ដ ឈ្មោះ សល ដែលជាម្ចាស់អាជីវកម្ម បណ្តាឲ្យខូចខាតម៉ូតូ ចំនួន២គ្រឿង និងបែកកញ្ចក់រថយន្ត មួយគ្រឿង ទើបប៉ូលិសឃាត់ខ្លួន ជនសង្ស័យតែម្តង ៕
» ព័ត៌មានជាតិ » យុវជនម្នាក់ ឃាត់ខ្លួនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ