ភ្នំពេញ ៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤។ ហេតុការណ៍មួយបានបង្កអោយមានការផ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសន្តិសុខនៃសណ្ឋាគារ ស៊ូលប្រទះឃើញ បុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជា នាយឧត្តមសេនីយ៍ម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ លេខ៥០១ នៃសណ្ឋាគារ ស៊ូលហ្គាឌិនស៊ីធី ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន បន្ទាប់ពីនាយឧត្តមសេនីយ៍ខាងលើដេកក្នុងបន្ទប់មិនព្រមចេញមកក្រៅជាង ១ថ្ងៃពេញ ។
ជនរងគ្រោះដែលបានដេកស្លាប់ក្នុងបន្ទប់លេខ៥០១ នៃសណ្ឋាគារខាងលើមានឈ្មោះ នន់ សុផានី អាយុ៥០ឆ្នាំ មានមុខរបរជាអនុប្រធាននាយកដ្ឋានអន្តោសប្រវេស្ត ក្រសួងមហាផ្ទៃ និងមានឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី មានស្រុកកំណើតនៅខេត្តសៀមរាម។
បើការរៀបរាប់របស់ផ្ទះទីតាំង បានអោយដឹងថា ខ្លួននិងជនរងគ្រោះខាងលើគឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយ ជនរងគ្រោះត្រូវបានអង្គភាពផ្លាស់មកពីខេត្តសៀមរាម អោយមកកាន់ដំណែងនភ្នំពេញ ប៉ុន្តែដោយសារតែ មិនទាន់មានកន្លែងស្នាក់អាស្រ័យច្បាស់លាស់ ខ្លួនក៏បានអោយឈ្មោះនន់ សុផានី ដែលជាជនរងគ្រោះស្នាក់នៅ បន្ទប់លេខ៥០១ នៃសណ្ឋាគាររបស់ខ្លួនបណ្តោះអាសន្នសិន ( ដោយជនរងគ្រោះបានស្នាក់នៅបន្ទប់ខាងលើ ជាង ៣ខែទៅហើយមិនដែលឃើញមានអ្វីកើតឡើងខុសប្រក្រតីនោះទេ ) ។
លុះមកដល់ថ្ងៃកើតហេតុ ក៏មិនឃើញ ជនរងគ្រោះចេញពីបន្ទប់សោះ គឺស្ទើរពេញ១ថ្ងៃតែម្តង ដោយមិនបានឃើញជនរងគ្រោះដូចនេះ ម្ចាស់ទីតាំងក៏កើតការសង្ស័យ ទើបសម្រេចអោយសន្តិសុខម្នាក់យកសោរទៅចាក់ទ្វារបន្ទប់មើលក្រែងលរ មានអ្វីខុសប្រក្រតី លុះបើកទ្វារចូលទៅខាងក្នុងស្រាប់តែឃើញ ឈ្មោះនន់ សុផានី ដេកស្លាប់នៅលើពូកតែម្នាក់ ឯង ទើបបង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកដែលស្នាក់នៅជិតបន្ទប់លេខ៥០១ និង មនុស្សម្នាក់ដែលនៅក្នុង បរិវេណសណ្ឋាគារទាំងមូល ជាពិសេសសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់ទីតាំងកើតហេតុ ភ្លាមៗតែម្តង។
ក្រោយកើតហេតុភ្លាមៗនោះដែរ សមត្ថកិច្ចជំនាញបានពិនិត្រ និងធ្វើកោសល្យវិច្ច័យទៅលើសាកសព រួចហើយ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា មូលហេតុដែលបណ្តាលអោយជនរងគ្រោះស្លាប់គឺដោយសារ ជម្ងឺគាំងបេះដូងចាស់ រើរឡើង ហើយបើតាមម្ចាស់ទីតាំងដែលត្រូវជាបងប្អូនអោយដឹងថា កន្លងមកជនរងគ្រោះ ពិតជាមានជម្ងឺគាំងបេះដូងពិតមែន ពេលខ្លះក៏ធ្លាប់រើរឡើងម្តងម្កាល់៕